(បរទេស)៖ មន្ត្រីការទូតរុស្ស៊ីមួយក្រុម និងសមាជិកគ្រួសាររបស់ពួកគេ បានជិះណូរីរុញដោយដៃលើផ្លូវដែក ដើម្បីចាកចេញពីកូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ ខណៈទីក្រុងព្យុងយ៉ាង បន្តរឹតបន្តឹងវិធានាការទប់ស្កាត់ COVID-19 ដែលកំពុងបិទខ្ទប់ការធ្វើដំណើរ ស្ទើរតែគ្រប់ទម្រង់ឆ្លងកាត់ព្រំដែន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមមន្ត្រីការទូតរុស្ស៊ី និងសមាជិកគ្រួសារដែលមានគ្នា ០៨នាក់ ក្នុងនោះរួមមានទាំងកុមារផងដែរ បានចំណាយពេល ៣២ម៉ោងជិះរថភ្លើង និងជិះរថយន្ដក្រុងចេញពីទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់ព្រំដែនរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ក្រោយមកទៀត ទើបពួកគេបានឆ្លងដែនដោយថ្មើរជើង ដោយដាក់ឥវ៉ាន់របស់ពួកគេលើណូរីមួយ ហើយរុញវានៅលើផ្លូវរថភ្លើង ដើម្បីត្រលប់ទៅផ្ទះពួកវិញតែម្តង។

គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ នៅមិនបានរាយការណ៍ពីករណីឆ្លង COVID-19 សូម្បីតែមួយករណី ប៉ុន្តែរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បាននិងកំពុងរឹតបន្តឹងយ៉ាងខ្លាំងលើវិធានការ បង្ការនានាក្នុងនោះរួមមានការ បិទព្រំដែន, ហាមឃាត់អ្នកដំណើរមកពីបរទេស និងរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសជាដើម៕