(ម៉ានីល)៖ យោធាហ្វីលីពីនបាននិយាយថា ទាហានហ្វីលីពីននឹងត្រូវបានគេតម្រូវឲ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ខណៈដែលប្រទេសនេះត្រៀមចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសដំបូងរបស់ខ្លួន ពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ពាធជុំទិសកំពុងកើនឡើងលើ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោករ៉ូឌ្រីហ្គោ ឌូទើតេ ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំង ដែលបានពន្យាពេលចំពេលមានការចោទប្រកាន់ថា មន្រ្តីរបស់ខ្លួនបានសាងកំហុសក្នុងការទិញនិងបញ្ជូនវ៉ាក់សាំង។

ស្ថានទូតចិននៅទីក្រុងម៉ានីលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការផ្តល់អំណោយវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ចំនួន ៦០ម៉ឺនដូសរបស់ទីក្រុងប៉េកាំង នឹងមកដល់នៅថ្ងៃអាទិត្យនេះ។ យោធាត្រូវបានគេសន្មត់ថា នឹងទទួលបានចំនួន ១០០,០០០ដូស នៃវ៉ាក់សាំងទាំងនោះ។

គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនិយតករឱសថហ្វីលីពីនបានផ្តល់ការយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដល់វ៉ាក់សាំង CoronaVac ទោះបីជានៅមានមន្ទិលសង្ស័យជំវិញសុវត្ថិភាព និងប្រសិទ្ធភាពរបស់វាក៏ដោយ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាអ្នកណា នឹងទទួលចាក់ដំបូងគេ ឬនៅពេលណានោះទេ។ លោក Duterte បាននិយាយថា លោកចង់ឲ្យទាហានស្ថិតក្នុងចំណោមក្រុមដំបូងគេ ដែលនឹងទទួលចាក់វ៉ាក់សាំង ប៉ុន្តែអាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបែងចែកនិងការចាប់ផ្តើមចាក់វ៉ាក់សាំង នៅតែស្ថិតក្នុងការវាយតម្លៃនៅឡើយ៕