(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតី ២រូបរបស់សហរដ្ឋអាមេរិកធ្លាប់បានប្រកាសពីបំណងចង់ដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែ នៅចុងបញ្ចប់ ពួកគេទាំង២មិនអាចធ្វើវាបានឡើយ។ ឥលូវគឺដល់វេនលោកប្រធានាធិបតី ចូ បៃដិន វិញម្ដងដែលត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកបែបនេះ ខណៈកាលបរិច្ឆេទដកកងទ័ពអាមេរិកនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពរវាងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយក្រុមតាលីបង់នឹងត្រូវផុតកំណត់នៅខែឧសភា ឆ្នាំ២០២១នេះ។

កិច្ចព្រមព្រៀងសន្តិភាពរវាងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងក្រុមតាលីបង់សំដៅបិទបញ្ចប់សង្រ្គាមរុំារ៉ៃអស់រយៈពេលជាង២០ឆ្នាំមកនេះបានតម្រូវឱ្សហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនដែលនៅសល់ ២,៥០០នាក់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី០១ ខែឧសភាខាងមុខនេះ។ កងទ័ពអាមេរិកទាំងនេះឈរជើង នៅអាហ្វហ្គានីស្ថានដោយមានការគាំទ្រយ៉ាងពេញទំហឹងពីអង្គការ NATO ដើម្បីដឹកនាំប្រតិបត្តិការពិសេសកម្ទេចក្រុមអាល់កៃដា និងក្រុម ISIS ព្រមទាំងជួយ បណ្ដុះបណ្ដាល ក៏ដូចជាផ្ដល់ការគំាទ្រនានាដល់កងកម្លាំង រដ្ឋាភិបាលទីក្រុងកាប៊ុល ទប់ទល់ជាមួយក្រុមតាលីបង់។

ការសម្រេចចិត្តដកកងទ័ពទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសជាសមាជិកអង្គការ NATO ស្របពេលអ្នកជំនាញយោធាមួយចំនួនព្រមានថា ការដកកងទ័ពនៅក្នុងកាលៈទេសៈបច្ចុប្បន្នដែលក្រុមតាលីបង់កំពុងមានកម្លាំងខ្លាំង និងកាន់កាប់ទឹកដីភាគច្រើនអាចនឹងធ្វើឱ្យរដ្ឋាភិបាលទីក្រុងកាប៊ុលដួលរលំ ហើយ អាហ្វហ្គានីស្ថាននឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃក្រុមតាលីបង់។ សហរដ្ឋអាមេរិកធ្លាប់បានភ្លក្សមេរៀនដ៏ជូចត់ម្ដងរួចមកហើយកាលពីអតីតកាល នោះគឺបរាជ័យ នៅក្នុងសង្រ្គាមវៀតណាម ដោយការដកកងទ័ពអាមេរិកចេញនៅកាលណោះ វាប្រៀបបានទៅនឹងការប្រគល់វៀតណាមខាងត្បូងទាំងមូលទៅឱ្យវៀតណាមខាងជើង។

លោក បៃដិន ប្រាកដជាមិនចង់ឱ្យមេរៀនដ៏ជូចត់បែបនេះកើតឡើងជាថ្មីនោះទេ។ ក៏ប៉ុន្តែបើសិនជាលោកមិនព្រមដកកងទ័ពវិញ នោះសង្រ្គាមនៅអាហ្វហ្គានីស្ថាន ក៏ប្រហែលជាគ្មានថ្ងៃបញ្ចប់នោះដែរ។

*តើរដ្ឋបាលលោក បៃដិន និយាយអ្វីខ្លះពីកាលបរិច្ឆេទដកកងទ័ព?

កាលពីថ្ងៃទី២៨ ខែមករា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថាក្រុមតាលីបង់មិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនឡើយ ដែលនេះបង្ក ឱ្យមានការសង្ស័យថាតើសហរដ្ឋអាមេរិកនឹងដកទ័ពទាំងអស់ដែលនៅសល់ចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី០១ ខែឧសភាដែរទេ? មកទល់នឹងពេលនេះមិនទាន់មាន ការសម្រេចចិត្តចុងក្រោយណាមួយឡើយ។ បើតាមកិច្ចព្រមព្រៀងសន្តិភាពរវាងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ និងក្រុមតាលីបង់ ក្រុមសកម្មប្រយុទ្ធមួយនេះ បានសន្យាថានឹងផ្ដាច់ខ្លួនចេញពីក្រុមអង្គការភេរវករអន្តរជាតិ ក្នុងនោះរួមមានដូចជាក្រុមអាល់កៃដា ហើយនឹងរារាំងមិនឱ្យក្រុមភេរវករទាំងនេះធ្វើសកម្មភាព នៅលើទឹកដីអាហ្វហ្គានីស្ថាន ដែលបង្កការគំរាមកំហែងដល់កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តជាដាច់ខាត។

ក៏ប៉ុន្តែការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល នៅតែបន្តកើតមានដដែល ទោះជាការវាយប្រហារលើកងទ័ពអាមេរិក ឬកងទ័ព NATO មានការថយចុះ ក៏ពិតមែន។

*អ្វីទៅជាជម្រើសរបស់លោក បៃដិន?

លោក ចូ បៃដិន មានជម្រើស៣ នោះគឺ៖

ទីមួយ៖ អនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយដកកងទ័ពអាមេរិកទំាងអស់ចេញពីអាហ្វហ្គានីស្ថាន តាមកាលបរិច្ឆេទកំណត់ នៅត្រឹមថ្ងៃទី០១ ខែឧសភា។

ទី២៖ បញ្ជាក់ថាក្រុមតាលីបង់បានបំពានកិច្ចព្រមព្រៀងសន្តិភាព ជាហេតុផលដកខ្លួនចេញពីកិច្ចព្រមព្រៀង ហើយបន្តរក្សា ឬបង្កើនវត្តមានកងទ័ព។

ទី៣៖ ចរចាដើម្បីពន្យារពេលវេលាដកកងទ័ព ដោយយកការបំពានកិច្ចព្រមព្រៀងរបស់ក្រុមតាលីបង់ និងការពន្យារពេលកិច្ចចរចាសន្តិភាពរវាងក្រុមសកម្មប្រយុទ្ធ មួយនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មកធ្វើជាហេតុផល។

*តើលោក បៃដិន នឹងជ្រើសរើសយកជម្រើសមួយណា?

បើតាមលោក Joseph Dunford ជាអតីតនាយសេនាធិការចម្រុះកងទ័ពអាមេរិក ជម្រើសទាំង៣ខាងលើសុទ្ធតែជាជម្រើសគ្រោះថ្នាក់។ ម្យ៉ាង ក្រុមតាលីបង់បានគំរាមថានឹងដឹកនាំប្រតិបត្តិការយោធាប្រឆាំងវត្តមានកងទ័ពបរទេសទាំងឡាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពនានា នៅក្នុងករណីដែលអាមេរិកមិនព្រមដកកងទ័ពចេញនៅត្រឹមថ្ងៃទី០១ ខែឧសភាទេនោះ។ រីឯម្យ៉ាងទៀត បើសិនជាដកកងទ័ពចេញតាមការកំណត់នៅថ្ងៃទី០១ ខែឧសភា នោះរដ្ឋាភិបាលទីក្រុងកាប៊ុលអាចនឹងដួលរលំ ប្រឈមមុខនឹងក្រុមតាលីបង់ ដែលកំពុងមានប្រៀប និងកម្លាំងខ្លាំងជាង។

អតីតនាយឧត្ដមសេនីយ៍អាមេរិករូបនេះបន្ថែមថា លោក បៃដិនប្រហែលជាអាចនឹងរើសយកជម្រើសទី៣ នោះគឺព្យាយាមបញ្ចុះបញ្ចូលឱ្យក្រុមតាលីបង់ពន្យារពេល កាលបរិច្ឆេទដកកងទ័ព ហើយបន្តកិច្ចចរចាស្វែងរកសន្តិភាពសម្រាប់អាហ្វហ្គានីស្ថាន។ រដ្ឋបាលលោក បៃដិនក៏ទំនងជាស្នើឱ្យប្រទេសដទៃដូចជាចិន, អ៉ីរ៉ង់, ប៉ាគីស្ថាន, កាតា, រុស្ស៊ី និងអារ៉ាប៊ីសាអូឌីតដាក់សម្ពាធលើក្រុមតាលីបង់ឱ្យទទួលយកការកែប្រែកិច្ចព្រមព្រៀងផងដែរ។ ប៉ុន្តែបើក្រុមតាលីបង់នៅតែមិនយល់ព្រម លើការពន្យារពេលដកកងទ័ពអាមេរិក នោះលោក បៃដិនគ្មានជម្រើសអ្វីផ្សេងក្រៅតែពីរក្សាវត្តមានកងទ័ព២,៥០០នាក់ ឬអាចបង្កើនចំនួនច្រើនជាងនេះក៏ថាបាន។

ចំណែកឯ ក្រុមតាលីបង់វិញនឹងចាត់ទុកថាជម្រើសទី៣របស់លោក បៃដិន គឺជា «ទង្វើក្បត់» ហើយនឹងដឹកនាំការវាយប្រហារលើកងទ័ពបរទេសឡើងវិញ។ តែបើ តាលីបង់បរាជ័យមិនអាចសម្រេចបំណងរបស់ពួកគេតាមវិធីសាស្រ្តនេះបានទេ នោះចង់ឬមិនចង់ ពួកគេមានតែបង្ខំចិត្តត្រឡប់មករកតុចចរចាវិញតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំនៃរដ្ឋបាលអតីតប្រធានាធិបតីលោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) បានដឹកនាំកងទ័ពចូលឈ្លានពាន ប្រទេសអាហ្វហ្គានីស្ថាននៅខែតុលា ឆ្នាំ២០០១ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ដែលទីក្រុងវ៉ាស៊ីនតោននៅកាលណោះចោទថាជាអ្នកជួយលាក់បំពួនមេអាល់កៃដា Osama bin Laden ដែលជាមេគំនិតនៅពីក្រោយមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំដដែលនោះ៕

ប្រភព៖ New York Times, Council on foreign Relations (ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)