(វ៉ាស៊ីនតោន)៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាពួកគេបានសម្រេចចិត្តជាចុងក្រោយ លើសេចក្ដីណែនាំថ្មីមួយ ដែលតម្រូវឱ្យមានការត្រួតពិនិត្យសុវត្ថិភាពបន្ថែមសម្រាប់យន្ដហោះ Boeing 777-200 ទាំងអស់ដែលមានបំពាក់ម៉ាស៊ីន ប្រាត អ៊ែន វីតនី ភីដាប់ប៊ែលយូ ៤០០០ (Pratt & Whitney PW 4000) បន្ទាប់ពីមានបញ្ហាផ្ទុះឆេះម៉ាស៊ីនប្រភេទនេះកាលពីចុងសប្ដាហ៍មុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែងនៅក្នុងវេទិកាមួយស្ដីពីសុវត្ថិភាពហោះហើរ លោក Steve Dickson បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានធ្វើការដោយមិនបានសម្រាក ចាប់តាំងពីរសៀល ថ្ងៃសៅរ៍សប្ដាហ៍មុនមក ហើយខ្ញុំពិតជាមានទំនុកចិត្តថាយើងអាចនឹងដោះស្រាយបញ្ហាមួយនេះបាន...យើងពិតជាចង់ស្វែងយល់ចំពោះអ្វីដែលបានកើតឡើង ដើម្បី ចាត់វិធានការបង្ការនានា សំដៅរារាំងកុំឱ្យហេតុការណ៍ដូចគ្នានេះកើតឡើងជាថ្មីនៅពេលអនាគត់»។ តែព្រមពេលជាមួយគ្នា ក្រៅតែពីការសម្រេចចិត្តបង្កើនការត្រួតពិនិត្យសុវត្ថិភាពបន្ថែម លោក Steve Dickson មិនបានបញ្ជាក់ពីមូលហេតុនៃបញ្ហាម៉ាស៊ីន Pratt & Whitney PW 4000 នោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន យន្ដហោះ Boeing 777 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ស្រាប់តែផ្ទុះឆេះម៉ាស៊ីន នៅលើអាកាស ដោយបង្ខំឱ្យពីឡុត ចុះចតជាបន្ទាន់។ យន្ដហោះនេះមានដឹកអ្នកដំណើរ ២៣១នាក់ និង​អាកាស​យាន​និក​១០នាក់ ក្នុងដំណើរផ្លូវចេញពីទីក្រុង Denver នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ឆ្ពោះទៅកាន់ទីក្រុង ហូណូលូលូ (Honolulu) នៃរដ្ឋ ហាវ៉ៃ (Hawaii)។ តែជាសំណាងល្អ យន្ដហោះនេះបានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន Denver International Airport។

ក្រោយហេតុការណ៍នេះកើតឡើង ក្រុមហ៊ុន Boeing ក៏បានប្រកាសបញ្ឈរជើងយន្ដហោះប្រភេទ 777 របស់ខ្លួនចំនួន១២៨គ្រឿងដែលមានបំពាក់ម៉ាស៊ីន Pratt & Whitney PW 4000 នៅជុំវិញពិភពលោកផងដែរ៕