(បាងកក)៖ វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២០០,០០០ដូសត្រូវបានដឹកជញ្ជូនតាមយន្តហោះ មកដល់អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ (Suvarnabhumi) នៃប្រទេសហើយនៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយរដ្ឋាភិបាលថៃបានអនុម័ត ឲ្យប្រើវ៉ាក់សាំងផលិតនៅចិននេះ ក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

យន្តហោះរបស់អាកាសចរណ៍ Thai Airways បានដឹកវ៉ាក់សាំងខាងលើនេះ ចេញពីរដ្ឋធានីប៉េកាំងនៃប្រទេសចិន និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើតទីក្រុងបាងកក កាលពីវេលាម៉ោង ១០៖០៥នាទីព្រឹកថ្ងៃពុធនេះ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានលើកឡើងនាឱកាសនោះថា «ថ្ងៃនេះគឺជាថ្ងៃនៃប្រវត្តិសាស្ត្រ ដែលយើងត្រូវទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន... រដ្ឋាភិបាលបានព្យាយាម យ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងទៅតាមកាលកំណត់។ បើគ្មានបញ្ហាជាយថាហេតុណាមួយទេ វ៉ាក់សាំងជាច្រើនបន្ថែមទៀត នឹងមកដល់ទៅតាមផែនការ។ យើងនឹងមានវ៉ាក់សាំង ដើម្បីអភិវឌ្ឍប្រព័ន្ធភាពសុំជាសហគមន៍»

គួរបញ្ជាក់ថា ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២លានដូសដែលមានតម្លៃ ៤០លានដុល្លារអាមេរិក។ សម្រាប់ ២០០,០០០ដូសដែលបានមកដល់ពេលនេះ នឹងត្រូវយកទៅរក្សាទុកក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើបមានការចាត់ចែងទៅតាមគម្រោង។ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕