(ហ្សេរុយសាឡឹម)៖ ប្រទេសអ៊ីស្រាអែលនៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា ខ្លួនកំពុងរៀបចំផ្តល់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា (COVID-19) ដែលនៅសេសសល់ដល់ទៅដល់តំបន់មួយចំនួន ស្ថិតក្នុងដែនដីប៉ាឡេស្ទីន (Palestine) ក៏ដូចជាប្រទេសមួយចំនួនទៀតផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) មិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយ នៅក្នុងសេចក្តីថ្លែងការណ៍អំពីការផ្ដល់វ៉ាក់សាំង COVID-19 នេះទេ។ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសហុងឌូរ៉ាស ដែលធ្លាប់បានប្រកាសកាលពីឆ្នាំ២០២០ កន្លងទៅនេះថា ខ្លួនមានបំណងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួននៅអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម (Jerusalem) វិញនោះកំពុងរំពឹងថា នឹងទទួលបានវ៉ាក់សាំង COVID-19 ចំនួន ៥,០០០ដូសពីប្រទេសមជ្ឈិមបូព៌ាមួយនេះ ខណៈហុងឌូរ៉ាសមិនទាន់ទទួលបាន ជំនួយវ៉ាក់សាំងណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបាននាំចូលវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna ដែលរហូតមកទល់ពេលនេះ បានផ្ដល់ការចាក់វ៉ាក់សាំងនេះ ជូនដល់ប្រជាជនរបស់ខ្លួនសម្រាប់ដូសដំបូង យ៉ាងហោចណាស់ស្ទើរតែ ៥០ភាគរយនៃប្រជាជនសរុបចំនួនជាង ៩លាននាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងមួយ ដែលលឿនបំផុតក្នុងចំណោម យុទ្ធនាការចាក់វ៉ាក់សាំងរបស់ពិភពលោក។ បើតាម worldometers ពេលនេះអ៊ីស្រាអែលមានករណីឆ្លង COVID-19 សរុបជិត ៧៦០,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៣៤នាក់ និងជាសះស្បើយវិញជាង ៧២៨,០០០នាក់៕