(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តទទួលស្គាល់មន្ត្រីកំពូល 0២រូបបន្ថែមទៀត នៃគណៈរដ្ឋមន្ត្រីរបស់លោក ចូ បៃដិន ខណៈប្រធានាធិបតីរូបនេះ កំពុងស្វះស្វែងបំពេញតំណែងមួយចំនួនដែលនៅទំនេរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងការបោះឆ្នោត ព្រឹទ្ធសភាបានអនុម័តទទួលស្គាល់លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ក្នុងសំឡេងគាំទ្រ ៧៨ ទល់នឹង ២០សំឡេងជំទាស់។ លោកស្រី Linda ដែលជាអតីតមន្ត្រីការទូតអាមេរិកម្នាក់ មានវ័យ ៦៨ឆ្នាំ ត្រូវបានគេមើលឃើញថា មាននយោបាយតឹងរ៉ឹងចំពោះចិន ដោយកាលពីខែមករាកន្លងទៅ លោកស្រីធ្លាប់បានសន្យាថា នឹងប្រឹងប្រែងទប់ស្កាត់ការពង្រីកឥទ្ធិពលចិន នៅលើពិភពលោក។

ក្រៅពីលោកស្រី Linda ព្រឹទ្ធសភាអាមេរិកក៏បានទទួលស្គាល់លោក ថម វីលហ្សេក (Tom Vilsack) មានអាយុ ៧០ឆ្នាំ ជារដ្ឋមន្ត្រីកសិកម្មផងដែរ។ ទោះជាយ៉ាងណា តំណែងមន្ត្រីមួយចំនួនទៀត ជាពិសេសគឺការតែងតាំងលោកស្រី នីរ៉ា ថាន់ដិន (Neera Tanden) ជានាយកកញ្ចប់ថវិកាសេតវិមាន បានប្រឈមមុខនឹងការជំទាស់ និងការខ្វែងគំនិតគ្នា យ៉ាងខ្លាំងពីសមាជិកព្រឹទ្ធសភាភាគច្រើន៕