(ដាណឺម៉ាក)៖ សាស្រ្តាចារ្យដាណឺម៉ាក លោកស្រី ធា កូលសិន ហ្វីសសឺ (Thea Kolsen Fischer) បានរិះគន់ សារព័ត៌មានលោកខាងលិចមួយចំនួន សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ រវាងក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) ជាមួយអាជ្ញាធរចិន ជុំវិញការស៊ើបអង្កេតស្វែងរកប្រភពដើមនៃ COVID-19 នៅក្នុងទីក្រុងវូហាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Fischer ដែលជាអ្នកជំនាញមួយរូបនៅក្នុងចំណោម ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) ដើម្បីស៊ើបអង្កេតស្វែងរកប្រភពដើម COVID-19 នៅក្នុងទីក្រុងវូហាន បានធ្វើការរិះគន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច តាមរយៈបទសម្ភាសន៍ជាមួយ សារព័ត៌មានដាណឺម៉ាក ប៉ូលីទីគែន (Politiken) នៅក្នុងសប្ដាហ៍នេះ និងបន្ទាប់ពីសារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ បានចោទប្រកាន់ក្រុមអ្នកវិទ្យាសាស្ត្រចិនថា បានបដិសេធក្នុងការចែករំលែកព័ត៌មាន ជាមួយក្រុមអ្នកស៊ើបអង្កេត WHO។

លោកស្រី Fischer បានបន្ថែមទៀតថា ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) បានសហការជាមួយអាជ្ញាធរចិន ប្រកបដោយការគោរពគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញអន្តរជាតិដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅដល់ទីក្រុងវូហាន ប្រទេសចិនកាលពីថ្ងៃទី១៤ ខែមករា តែពួកគេត្រូវចំណាយពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ពួកគេបាននិយាយថា វីរុសកូរ៉ូណា COVID-19 មានប្រភពដើមមកពីសត្វ ហើយទើបចម្លងទៅដល់មនុស្ស។ ទោះជាយ៉ាងណាក្រុមជំនាញ WHO មិនទាន់អាចកំណត់ថា តើវីរុសនោះបានឆ្លងទៅមនុស្ស យ៉ាងដូចម្ដេចឡើយ៕