(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់លោក អាយ៉ាតុលឡោះ អាលីខាមេណៃ (Ayatollah Ali Khamenei) បាននិយាយថាអ៉ីរ៉ង់អាចនឹងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សុទ្ធឱ្យដល់៦០ភាគរយ បើសិនជាចំាបាច់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Ali Khamenei ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ និងតែមួយ សប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសពីបំណងនាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ។ លោក Ali Khamenei បានគូសបញ្ជាក់ដូច្នេះថា៖ «កម្រិតនៃការចម្រាញ់សារធាអ៊ុយរ៉ាញ៉ូមនឹងមិនត្រូវបានដាក់កំហិតត្រឹមតែ២០ភាគរយនោះទេ។ យើងនឹងបង្កើន ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតដែលយើងត្រូវការ...នោះគឺយើងប្រហែលជានឹងបង្កើនការចម្រាញ់ឱ្យដល់៦០ភាគរយក៏ថាបាន បើសិនជាចាំបាច់»

ឆ្លើយតបទៅនឹងការលើកឡើងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានអះអាងថាការអត្ថាធិប្បាយរបស់លោក Ali Khamenei គឺជាការគំរាមកំហែង និងបញ្ជាក់ថាសហរដ្ឋអាមេរិកពិតជាមានបំណងចង់ចរចាជាមួយអ៉ីរ៉ង់ពាក់ព័ន្ធនឹងការត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា អ៉ីរ៉ង់ នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបានលើកឡើងម្ដងហើយម្ដងទៀតថាខ្លួននឹងបញ្ឈប់ការចម្រាញ់កម្រិតសារធាតុអ៊ុយរ៉ាញ៉ូម ដែលត្រូវបានហាមឃាត់ ហើយត្រឡប់មករកិច្ចចរចាវិញ បើសិនជាសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងឡាយចេញពីអ៉ីរ៉ង់៕