(ញូដេលី)៖ ទំហំពាណិជ្ជកម្មសរុបរវាងមហាយក្សចិន និងឥណ្ឌា បានឈានដល់ខ្ទង់ ៧៧.៧ពាន់លានដុល្លារអាមេរិកហើយ ដោយតួលេខនេះបានធ្វើឲ្យចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់លេខ ១ របស់ឥណ្ឌា បើទោះបីជាប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមទិន្នន័យបញ្ចេញដោយក្រសួងពាណិជ្ជកម្មឥណ្ឌា បានឲ្យដឹងទៀតថា ប្រទេសឥណ្ឌានៅតែពឹងផ្អែកខ្លាំង ទៅលើការនាំចូលគ្រឿងម៉ាស៊ីនធុនធ្ងន់ និងគ្រឿងបរិក្ខាបម្រើវិស័យទូរគមនាគមន៍ពីប្រទេសចិន កាលពីអំឡុងឆ្នាំ២០២០។ នៅក្នុងឆ្នាំ២០២០ ប្រទេសឥណ្ឌាបាននាំចូលទំនិញពីចិន ស្មើនឹងទឹកប្រាក់់សរុប ៥៨.៧ពាន់លានដុល្លារអាមេរិក ដែលធំជាងទំហំនៃការនាំចូលរបស់សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បូកបញ្ចូលគ្នាទៅទៀត (សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់លេខ ២ របស់ឥណ្ឌា ខណៈអេមីរ៉ាត់អារ៉ាប់រួមស្ថិតនៅលំដាប់លេខ ៣)។

កាលពីឆ្នាំ២០២០ដដែល ទំហំពាណិជ្ជកម្មសរុបរវាងឥណ្ឌា និងសហរដ្ឋអាមេរិកសម្រេចបាន ៧៥.៩ពាន់លានដុល្លារ បើនឹងឆ្នាំ២០១៩ ដែលមានទំហំរហូតដល់ទៅ ៨៧.៩៦ពាន់លានដុល្លារឯណោះ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានដាក់ចេញផែនការថ្មីកាលពីឆ្នាំមុននេះ សំដៅកាត់បន្ថយទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមហាយក្សសេដ្ឋកិច្ចលេខ ២ លើលោកនោះគឺប្រទេសចិន ដើម្បីឆ្លើយតបនឹងជម្លោះព្រំដែន ព្រមទាំងឱនភាពពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរ ប៉ុន្តែនៅមិនទាន់ចេញជាផ្លែផ្កាឡើយ។

គួរបញ្ជាក់ថា ក្រៅពីការក្លាយខ្លួនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២លើលោក (តួលេខឆ្នាំ២០២០ គឺ ១,៣៨០លាននាក់) ប្រទេសចិនក៏បានក្លាយខ្លួនជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបរួចទៅហើយដែរ កាលពីឆ្នាំ២០២០ ជាពេលវេលាដែលពិភពលលោកទាំងមូល បានទទួលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារ COVID-19៕