(កូណាគ្រី)៖ ក្រសួងសុខាភិបាលហ្គីណេ (Guinea) បានប្រកាសឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺអេបូឡា (Ebola) សរុបចំនួន ១១,៥០០ដូសដែលបរិច្ចាគដោយអង្គការសុខភាពពិភពលោក (WHO) បានមកដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលហ្គីណេ វ៉ាក់សាំងនេះនឹងត្រូវបានប្រើប្រាស់ជាចម្បង សម្រាប់ផ្ដល់ការចាក់ជូនដល់ប្រជាជនដែលនៅភាគអាគ្នេយ៍នៃខេត្ត ហ្សេរ៉េករ(N'Zerekore) ហើយនឹងត្រូវបានដឹកជញ្ជូន ទៅកាន់តំបន់ភ្នំភាគអាគ្នេយ៍នៃប្រទេសហ្គីណេ ដើម្បីចាក់ជូនដល់ប្រជាជនក្នុងតំបន់នោះ នៅថ្ងៃអង្គារសប្ដាហ៍នេះផងដែរ។

ជើងហោះហើរដែលដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺ Ebola មកកាន់ប្រទេសហ្គីណេ បានហោះចេញពីទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ប៉ុន្តែដោយសារតែមានការចុះអ័ព្ទខ្លាំងនៅរដ្ឋធានី កូណាគ្រី (Conakry) នៃប្រទេសហ្គីណេ វាក៏បានងាករេទៅចុះចតកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯរដ្ឋធានីដាកា (Dakar) នៃប្រទេសសេណេហ្គាល់ (Senegal) វិញ រួចទើបដឹកជញ្ជូនបន្តមកកាន់ហ្គីណេ។

គួរបញ្ជាក់ថា ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងថា ប្រទេសហ្គីណេបានកត់ត្រានូវករណីឆ្លងជំងឺ Ebola សរុបនៅទូទាំងប្រទេសចំនួន ១៧ករណី ក្នុងនោះរួមមាន ០៧ករណីត្រូវបានរាយការណ៍ចេញពីខេត្ត N'zerekore ខណៈអ្នកជំងឺ ០៥នាក់បានស្លាប់ ហើយក្នុងនោះរួមមានអ្នកស្លាប់ ០៣នាក់ត្រូវបានរាយការណ៍ចេញពីខេត្ត N'zerekore ដូចគ្នា។ ចំណែកឯអ្នកជាប់ពាក់ព័ទ្ធសរុបមានចំនួន ៣៨០នាក់ ក្នុងនោះមានចំនួន ៣៧១នាក់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការត្រួតពិនិត្យដោយផ្នែកវេជ្ជសាស្រ្ត៕