(ព្រុចសែល)៖ ក្រុមរដ្ឋមន្ត្រីការបរទេសមកពី បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះបានឯកភាពគ្នា ចំពោះការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) និងលើយោធាមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមលោក ចូសិព បូរ៉ែល (Josep Borrell) ជាប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានគូសបញ្ជាក់ថា ប្លុកអឺរ៉ុបមួយនេះនឹងដាក់សម្ពាធ តាមរយៈការដាក់ទណ្ឌកម្ម ហើយក៏នឹងលុបចោលការផ្ដល់ជំនួយមួយចំនួនផងដែរ ដើម្បីជំរុញឱ្យយោធាមីយ៉ាន់ម៉ា ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូ ជី វិញបន្ទាប់ពីពួកគេបានរឹបអូស កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។

លោក Josep Borrell បានថ្លែងយ៉ាងដូច្នេះថា «យើងបានឯកភាពគ្នាលើកិច្ចព្រមព្រៀងនយោបាយ ដើម្បីដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដែលជាអ្នកទទួលខុសត្រូវ លើការធ្វើរដ្ឋប្រហារ... ហើយរាល់ការជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងអស់ ដែលមានប្រភពចេញពីប្រព័ន្ធរបស់យើង នឹងត្រូវបានលុបចោល»

គួរបញ្ជាក់ថា ក្រុមបាតុករនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តធ្វើបាតុកម្មតវ៉ាដដែល ដើម្បីទាមទារឱ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូ ជី និងអ្នកទាំងឡាយដែលកំពុងជាប់ឃុំ ខណៈមកទល់នឹងពេលនេះមនុស្សយ៉ាងហោច ០៣នាក់ បានស្លាប់ដោយសារអំពើហិង្សា កើតឡើងក្នុងបាតុកម្មតវ៉ា។ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទម្សិលមិញនេះ ក៏បានជំរុញឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបលើក្រុមបាតុករ និងដោះលែងអ្នកកំពុងជាប់ឃុំរាប់រយនាក់ទៀតផងដែរ៕