(ប៉េកាំង)៖ រដ្ឋាភិបាលចិននាថ្ងៃចន្ទនេះ បានប្រកាសថា ទីក្រុងប៉េកាំងនឹងផ្តល់វ៉ាក់សាំង COVID-19 ឲ្យប្រទេសអាហ្រ្វិកចំនួន១៩ថែមទៀត ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin)។ បើតាមលោក វ៉ាង គិតត្រឹមថ្ងៃអាទិត្យកន្លងទៅ ប្រទេសនៅអាហ្រ្វិក ដែលចិនបានផ្តល់ជំនួយជាវ៉ាក់សាំង COVID-19 រួមមានហ្ស៉ីមបាវេ និងអេក្វាទ័រហ្គីណេ ហើយអ្នកនាំពាក្យរូបនេះ បានបន្ថែមថា ចិននឹងប្រឹងប្រែងតាមលទ្ធភាព ក្នុងការបន្តផ្តល់ជំនួយ ដើម្បីជួយតំបន់អាហ្រ្វិកយកជ័យជម្នះលើវិបត្តិ COVID-19។

គួរបញ្ជាក់ថា ការប្រកាសបែបនេះបានកើតមាន បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើការអះអាងក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich) នាពេលកន្លងទៅថា អឺរ៉ុបនិងសហរដ្ឋអាមេរិកគួរតែខំផ្តល់វ៉ាក់សាំង COVID-19 ឲ្យបានគ្រប់គ្រាន់ ដល់អាហ្រ្វិក ព្រោះថាបើមិនដូច្នោះទេ បណ្តាប្រជាជាតិនៅអាហ្រ្វិកប្រហែលអាចជ្រើសរើសទៅទទួលវ៉ាក់សាំងពីចិន និងរុស្ស៉ីជាដើម៕