(ហ្សឺណែវ)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានជំរុញឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបក្រុមបាតុករ និងដោះលែង អ្នកដែលត្រូវបានចាប់ឃុំខ្លួនរាប់រយនាក់ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Guterres បានថ្លែងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា «យើងមើលឃើញការចុះខ្សោយ នៃលទ្ធិប្រជាធិបតេយ្យ, ការប្រើកម្លាំងដ៏ឃោរឃៅ, ការចាប់ឃុំខ្លួនតាមអំពើចិត្ត និងការបង្ក្រាបគ្រប់ទម្រង់ទាំងអស់។ ការរឹតត្បិតនៃសេរីភាពស៊ីវិល។ ការវាយប្រហារសង្គមស៊ីវិល។ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើជនជាតិភាគច្រើន ដោយគ្មានការទទួលខុសត្រូវ នៅក្នុងនោះរួមមានទាំង ការបោសសម្អាតជនជាតិដើមរ៉ូហ៊ីងយ៉ាផងដែរ... បញ្ជីនេះត្រូវនៅបន្តកត់ត្រាថែមទៀត»

លោក Antonio Guterres បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបជាបន្ទាន់, ដោះលែងអ្នកទោស, បញ្ឈប់អំពើហិង្សា, គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជន ដែលបានបង្ហាញក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះ»

គួរបញ្ជាក់ថា ការអំពាវនាវរបស់ អគ្គលេខាធិការ UN រូបនេះបានកើតមានឡើង ចំពេលក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះមុខការព្រមានពីយោធាថា នឹងធ្វើការបង្ក្រាបយ៉ាងក្តៅគគុក ប្រសិនបើក្រុមបាតុករទាំងនោះ នៅតែបន្តការប្រកូកប្រកាស ឲ្យមានការតវ៉ាទ្រង់ទ្រាយ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ៕