(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) នៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា ជនជាតិអាមេរិកប្រហែលជាត្រូវនៅ បន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំរហូតដល់ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Fauci បានគូសបញ្ជាក់ថា ទោះបីជាសហរដ្ឋអាមេរិក អាចឈានដល់ការត្រឡប់ទៅរកសភាពធម្មតាវិញ នៅចុងឆ្នាំ២០២១នេះក៏ដោយ ក៏ជនជាតិអាមេរិកនៅតែត្រូវបន្តអនុវត្ត វិធានការពាក់ម៉ាស់រហូតដល់ឆ្នាំ២០២២ ខាងមុខនេះដែរ។ លោក Fauci បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃវិធានការពាក់ម៉ាស់ខាងលើនេះ គឺដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) និងវីរុសបំប្លែងខ្លួនថ្មី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏កំពុងបង្កើន ការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលត្រូវបានរារាំងដោយការដាច់ចរន្តអគ្គិសនី ខណៈព្យុះព្រិលកំពុងបន្តវាយប្រហារ នៅតាមបណ្ដារដ្ឋជាច្រើនផងដែរ។ បើតាមទិន្នន័យកាលពីមួយសប្តាហ៍មុន សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងសរុបជាង ៥២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន៕