(ហ្សាការតា)៖ ភ្នំភ្លើង មើរ៉ាពី (Merapi) ដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតមួយនៅលើពិភពលោក បានផ្ទុះឡើងយ៉ាងកក្រើកជាថ្មីម្ដងទៀតនៅថ្ងៃសុក្រនេះ ដោយជះកម្អែរភ្លើងដ៏ក្ដៅគគុកហូរចុះមកពីមាត់របស់វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ភ្នំភ្លើង Merapi ដែលស្ថិតនៅជិតទីក្រុង យុកយ៉ាការតា (Yogyakarta) ភាគកណ្ដាលកោះជ្វា (Java) នៃប្រទេសឥណ្ឌូណេស៉ីនោះ បានជះកម្អែរភ្លើងហូរចុះមកពីមាត់របស់វាជាច្រើនដងរួចទៅហើយ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ និងបានបង្កឱ្យមានការញ័ររញ្ជួយតូចៗរាប់រយផ្សេងទៀតផង។ ទីភ្នាក់ងារដដែលនេះ បានគូសបញ្ជាក់ថា «ព្រឹកថ្ងៃនេះ កម្អែរភ្លើង ដែលហូរចុះមកពីមាត់របស់ភ្នំភ្លើង Merapi ត្រូវបានគេសង្កេតឃើញចំនួន ០៧ដងហើយ ដោយកម្អែរភ្លើងនោះបានហូរចុះមកចម្ងាយ ៧០០ម៉ែត្រទៅកាន់ទិសនិរតី»

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសអាសន្នជាផ្លូវការអំពីស្ថានភាពនៃភ្នំភ្លើង Merapi នេះ មិនត្រូវបានផ្លាស់ប្តូរឡើយ ដែលវាស្ថិតនៅកម្រិតខ្ពស់បំផុតទី២ ដដែលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ហើយប្រជាជនដែលរស់នៅក្បែរនោះ ត្រូវបានណែនាំឲ្យបន្តនៅឆ្ងាយពីតំបន់ជុំវិញភ្នំភ្លើងនេះចាប់ពី ០៥គីឡូម៉ែត្រឡើងទៅ។

គួរបញ្ជាក់ថា ការផ្ទុះឡើងក្នុងទ្រង់ទ្រាយដ៏ធំលើកចុងក្រោយបង្អស់របស់ភ្នំភ្លើង Merapi ដែលមានកម្ពស់ជិត ៣,០០០ម៉ែត្រនេះ គឺកាលពីឆ្នាំ២០១០ ដែលវាបានសម្លាប់មនុស្សជាង ៣០០នាក់ និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនប្រមាណ ២៨០,០០០នាក់ចេញពីតំបន់ជុំវិញនោះ៕