(ញូដេលី)៖ ប្រទេសឥណ្ឌាបានធ្វើការរិះគន់ធ្ងន់ៗទៅលើ ក្រុមមន្រ្តីជំនាញផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) ជុំវិញការព្រួយបារម្ភរបស់ពួកគេ ទៅលើការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលត្រូវបានតាក់តែងឡើង សម្រាប់តំបន់កាស្មៀរ (Kashmir) ជាកន្លែងដែលពួកសកម្មប្រយុទ្ធ បានប្រយុទ្ធដើម្បីដណ្ដើមឯករាជ្យអស់រយៈពេល ០៣ទសវត្សរ៍មកហើយ ដោយមន្ត្រីឥណ្ឌាបាននិយាយថា ក្រុមមន្រ្តីទាំងនោះខ្វះភាពអព្យាក្រឹត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នករាយការណ៍ពិសេស ០២រូបស្តីពីបញ្ហាជនជាតិភាគតិច និងសេរីភាពសាសនា ឬជំនឿបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា កាលពីឆ្នាំ២០២០កន្លងទៅនេះ ក្នុងការបញ្ចប់ស្វ័យភាពរបស់រដ្ឋ ចាំមូ (Jammu) និងកាស្មៀរ (Kashmir) និងការអនុម័តច្បាប់ថ្មី គឺអាចកាត់បន្ថយការចូលរួមនយោបាយ របស់ប្រជាជនម៉ូស្លីមបាន។ មន្ត្រី UN ទាំងពីររូបបានគូសបញ្ជាក់បន្ថែមថា ប្រជាជនម៉ូស្លីម និងប្រជាជនជនជាតិភាគតិចដទៃទៀត ក៏ត្រូវបានប្រឈមនឹងបញ្ហាមួយចំនួនដូចជា បញ្ហាការងារ និងកម្មសិទ្ធិដីធ្លីជាដើម។

ជុំវិញការលើកឡើងដោយមន្ត្រី UN ខាងលើនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក អនុរ៉ាច ស្រ៉ីវ៉ាស្តាវ៉ា (Anurag Srivastava) បានសង្កត់ធ្ងន់ថា រដ្ឋ Jammu និង Kashmir គឺជាផ្នែកសំខាន់មួយរបស់ប្រទេសឥណ្ឌា ហើយការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយសភា។

គួរបញ្ជាក់ថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះ បានចូលជាធរមាននៅក្នុងប្រទេសឥណ្ឌា ដែលនឹងត្រូវអនុវត្តចំពោះប្រជាជននៅតំបន់ Kashmir ដើម្បីអនុញ្ញាតឱ្យពួកគេមានសិទ្ធិស្របច្បាប់ដូចគ្នា ទៅនឹងប្រជាជននៅប្រទេសឥណ្ឌាដែរ។ កាស្មៀរជាតំបន់ស្វយ័តមួយ ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ដែលកន្លងមកតែងកើតមានការតវ៉ា និងអំពើហិង្សាប្រដាប់អាវុធ៕