(ឡុងដ៏)៖ ចំនួនក្នុងករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 បានធ្លាក់ចុះនៅទូទាំងពិភពលោក អស់រយៈពេលមួយខែហើយ។ ដោយឡែកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានក្លាយថ្ងៃដែលការឆ្លង COVID-19 ប្រចាំថ្ងៃធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ការធ្លាក់ចុះចំនួនករណីឆ្លង និងស្លាប់ ត្រូវបានគេមើលឃើញថា ដោយសារតែការអនុវត្តវិធានការបិទប្រទេស ឬ lockdowns និងវិធានការតឹងរ៉ឹងជាច្រើនទៀត ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនានា ដែលកំពុងស្វះស្វែងបិទបញ្ចប់ ការឆ្លងរាតត្បាតជំងឺសកលមួយនេះ ដើម្បីបើកសេដ្ឋកិច្ច និងបញ្ជូនកុមារឱ្យទៅសាលារៀនឡើងវិញ។

ទោះបីជាមានសញ្ញាវិជ្ជមានបែបនេះក្តី ក៏ក្រុមអ្នកជំនាញសុខាភិបាល នៅតែព្រមានដដែលចំពោះការធ្វេសប្រហែស ខណៈវីរុស COVID-19 បំប្លែងខ្លួនថ្មី កំពុងបង្កការព្រួយបារម្ភ ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងបច្ចុប្បន្ន។ តាមរយៈសនិ្នសីទសារព័ត៌មានខ្លីមួយ ក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកស្រី ម៉ារៀ វ៉ាន កឺខូវ (Maria Van Kerkhove) ជាប្រធានបច្ចេកទេសស្ដីពីជំងឺ COVID-19 នៃអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នវាមិនមែនជាពេលត្រូវបន្ធូរដៃនោះទ... ហើយយើងក៏មិនអាចបណ្ដាឱ្យខ្លួនយើង ធ្លាក់ចូលទៅក្នុងស្ថានភាព នៃការកើនឡើងករណីឆ្លងជាថ្មីនោះដែរ»

គួរបញ្ជាក់ថា បើតាមតួលេខចេញផ្សាយដោយ ទីភ្នាក់ងារមាន Reuters កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ករណីឆ្លង COVID-19 សរុបចំនួន ៣៥១,៣៣៥ករណី ត្រូវបានគេរាយការណ៍នៅជុំវិញពិភពលោក ដែលនេះជាការធ្លាក់ចុះទាបបំផុត បើធៀបទៅនឹងអំឡុងពេល ៧ថ្ងៃចុងក្រោយ និងជាធ្លាក់ចុះពីចំនួន ៨៦៣,៧៣៧នាក់ក្នុងមួយថ្ងៃ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី០៧ ខែមករា។ ចំណែកឯអ្នកស្លាប់វិញមានចំនួន ១០,៩៥៧នាក់នៅថ្ងៃអង្គារសប្តាហ៍នេះ បើធៀបទៅនឹង ១៧,៦៤៩នាក់ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ៕