(អេដឌីស អាបាបា)៖ មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍អំពីការរកឃើញ ករណីឆ្លងវីរុសអេបូឡា (Ebola) ថ្មីៗចំនួន ១២ករណី និងអ្នកស្លាប់ថ្មីៗចំនួន ០៨នាក់នៅក្នុងប្រទេសហ្គីណេ (Guinea) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាម Africa CDC ដែលជាទីភ្នាក់ងារថែទាំឯកទេស នៃសហភាពអាហ្វ្រិកដែលមានសមាជិក ៥៥ប្រទេសបានរាយការណ៍អំពីអត្រាស្លាប់ ៦៦.៧ភាគរយនៅក្នុងប្រទេសទាំងពីរ។ តួលេខជាផ្លូវការបានបង្ហាញថា សាធារដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង ០៤ករណី និងស្លាប់ ០២នាក់ ខណៈប្រទេសហ្គីណេបានរាយការណ៍ពីការរកឃើញ ករណីឆ្លង ០៨ករណី និងស្លាប់ ០៦នាក់។ ប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងលិច ដែលរងផលប៉ះពាល់ដោយវីរុសអេបូឡានេះ មិនបានរាយការណ៍អំពី ការជាសះស្បើយឡើងវិញឡើយ ដោយអ្នកជំងឺទាំងអស់ កំពុងស្ថិតក្នុងការព្យាបាល។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃវីរុសអេបូឡាដ៏កាចសាហាវ នៅក្នុងប្រទេសទាំងពីរ កំពុងបង្ហាញសញ្ញានៃការឆ្លងរីករាលដាលជាថ្មីនៅអាហ្រ្វិក ខណៈទ្វីបនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19 ស្រាប់ទៅហើយនោះ។ ការផ្ទុះឡើងនៃវីរុសនេះនៅតំបន់អាហ្វ្រិកខាងលិច កាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ បានសម្លាប់មនុស្សជាង ១១,៣០០នាក់ ក្នុងចំណោមករណីឆ្លងជាង ២៨,៦០០ករណី៕