(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៨,៩២៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,៧៦១នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៥២៣,៥២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥០៥,៣០៩នាក់ និងជាសះស្បើយឡើងសរុប ១៨,៧០៣,៤២១នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ឲ្យដល់ប្រជាជនអាមេរិកទាំងអស់ជាង ៣៣០លាននាក់ផងដែរ តាមរយៈការជំរុញចង្វាក់ផលិតកម្មនៃវ៉ាក់សាំង។ ដោយឡែកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីផែនការផ្ដល់ថវិកា ៤ពាន់លានដុល្លារដល់កម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅតាមបណ្ដាប្រទេសក្រីក្រ ក្រោមកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)៕