(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសថៃ គឺទាំងប្រជាជនថៃផ្ទាល់ ទាំងជនបរទេស និងសូម្បីតែពលករចំណាកស្រុក នឹងសុទ្ធតែទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមានគុណភាព និងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាលថៃ បានដាក់គោលដៅចម្បងចំនួន០៣ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 រួមមានដើម្បីកាត់បន្ថយអត្រាអ្នកឆ្លង ក៏ដូចជាអ្នកស្លាប់ ដើម្បីជួយសម្រួលបន្ទុកប្រព័ន្ធសុខាភិបាលជាតិ ហើយចុងក្រោយគឺដើម្បីការពារសេដ្ឋកិច្ច ក៏ដូចជាសង្គមជាតិ។ វ៉ាក់សាំងក៏ត្រូវស្តុកទុកបម្រុងសម្រាប់ការប្រើប្រាស់ ក្នុងករណីអាសន្នបន្ទាន់ណាមួយផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac ចំនួន០២សែនដូសដំបូង នឹងត្រូវដឹកមកដល់ប្រទេសថៃ នៅខ្ទង់ថ្ងៃទី២៤ ខែកុម្ភៈ ខណៈព័ត៌មានលម្អិតបន្ថែមទាក់ទងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រដ្ឋាភិបាលថៃនឹងប្រកាសនាពេលក្រោយទៀត៕