(បាងកក)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី ២ ដែលប្រទេសថៃបាននិងកំពុងអភិវឌ្ឍ នឹងឈានទៅដល់ការធ្វើតេស្តលើមនុស្ស ក្នុងពេលឆាប់ៗនេះ ហើយការផលិតក៏គ្រោងនឹងសម្រេចឲ្យបានរហូតដល់ ៥លានដូសផងដែរចាប់ពីចុងឆ្នាំនេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

វ៉ាក់សាំងខាងលើនេះ កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍ ដោយសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn University) ហើយវាត្រូវបានធ្វើតេស្តដោយជោគជ័យលើសត្វស្វា និងកណ្តុររួចទៅហើយ។ ដោយឡែកសម្រាប់ការធ្វើតេស្តលើមនុស្ស ដែលជាដំណាក់កាលធំបំផុតនោះ នឹងត្រូវធ្វើឡើងនៅចន្លោះខែមេសា ដល់ខែឧសភា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះហើយ។

ជុំវិញដំណើរការខាងលើនេះ លោក គាត រ៉ាករុងថាំ (Kiat Ruxrungtham) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង ជូឡា (CVRC) នៃសាកលវិទ្យាល័យ ជូឡាឡុងកន បានគូសបញ្ជាក់ថា «ចាប់ពីដំណាច់ឆ្នាំនេះ យើងអាចផលិតវាបានចាប់ពី ១ ទៅ ៥លានដូសក្នុងមួយឆ្នាំ... ហើយក៏អាចកើនឡើងដល់ ២០លានដូសក្នុងមួយឆ្នាំផងដែរ»

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើង ក្រោយពីមានការរិះគន់នៅក្នុងស្រុកថា ថៃដែលជាប្រទេសអភិវឌ្ឍឱសថ ដ៏សំខាន់មួយនៅក្នុងតំបន់ ហាក់ដូចជាពឹងផ្អែកខ្លាំងពេកទៅលើវ៉ាក់សាំង AstraZeneca របស់ចក្រភពអង់គ្លេស ដែលត្រូវបានប្រគល់សិទ្ធិផលិតបន្ត ទៅឲ្យក្រុមហ៊ុនថៃ សៃយ៉ាម បាយអូសាយអិន (Siam Bioscience) ដែលជាកម្មសិទ្ធិរបស់ស្តេច៕