(ម៉ូស្គូ)៖ វ៉ាក់សាំង COVID-19 ឈ្មោះ ខូវីវ៉ាក់ (CoviVac) ដែលអភិវឌ្ឍឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវរុស្ស៊ី ជូម៉ាកូវ (Chumakov) ត្រូវបានគេរំពឹងថា នឹងត្រូវចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះ។ នេះបើតាមគេហទំព័រផ្លូវការរុស្ស៊ី ស្ដីពីទិន្នន័យវ៉ាក់សាំង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

គេហទំព័រផ្លូវការរុស្ស៊ីស្ដីពីទិន្នន័យវ៉ាក់សាំង បានឱ្យដឹងយ៉ាងដូច្នេះថា «ការចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង CoviVac អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ចំណែកឯដំណាក់កាលទី ២ នៃការសិក្សាស្រាវជ្រាវ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅត្រឹមដើមឆ្នាំ២០២១នេះ ហើយបន្ទាប់ពីនោះ ការធ្វើតេស្ដទ្រង់ទ្រាយធំដោយមានអ្នកស័គ្រចិត្តចូលរួម ៣,០០០នាក់ គ្រោងនឹងត្រូវធ្វើឡើងជាបន្ត»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បច្ចុប្បន្នរុស្ស៊ីមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៤,១២៥,៥៩៨ករណី ក្នុងនោះស្លាប់ ៨១,៩២៦នាក់ និងជាសះស្បើយឡើងវិញ ៣,៦៦១,៣១២នាក់៕