(ម៉ិចស៉ីកូ)៖ រដ្ឋមន្រ្តីការពារជាតិម៉ិចស៉ីកូ លោក ល្វីស សានដូវ៉ាល (Luis Cresencio Sandoval) នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រាប់ឲ្យដឹងថា លោកបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 ហើយលោកនឹងត្រូវធ្វើចត្តាឡីស័កនៅផ្ទះលោក ក្រោមការត្រួតពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋមន្រ្តីវ័យ៦១ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំនឹងបន្តភារកិច្ចពីចម្ងាយ ក្រោមការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺនេះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងពឹងផ្អែកលើមន្រ្តីនានានៃក្រសួងការពារជាតិ ដើម្បីធានាឲ្យប្រតិបត្តិការរបស់ក្រសួងប្រព្រឹត្តទៅមុខយ៉ាងរលូន»។

កន្លងមកនេះ ប្រធានាធិបតីម៉ិចស៉ីកូ លោក អាន់ឌ្រែស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) និងសមាជិកមួយចំនួននៃគណៈរដ្ឋមន្រ្តីរបស់លោក បានឆ្លង COVID-19 ចាប់តាំងពីជំងឺនេះបានឆ្លងរាលដាលដល់ក្នុងប្រទេសម៉ិចស៉ីកូ អស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសម៉ិចស៉ីកូ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២,០១៣,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៧៧,០០០នាក់ និងអ្នកជាសះស្បើយជាង ១,៥៧១,០០០នាក់៕