(ញូយ៉ក)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានដឹកនាំការអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងជាសកលមួយ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដោយព្រមានថា វិសមភាពនៅក្នុងការទទួលបានការចាក់វ៉ាក់សាំង នឹងធ្វើឱ្យពិភពលោកទាំងមូលស្ថិតក្នុងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមរដ្ឋមន្រ្តីការបរទេសមកពីបណ្តាប្រទេសជាសមាជិក បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាលើកដំបូងមិនធ្លាប់មានពីមុនមក ស្តីពីការចាក់វ៉ាក់សាំង ដោយប្រធានក្រុមប្រឹក្សាសន្តិសុខ UN បានឲ្យអំពាវនាវឲ្យពិភពលោកទាំងមូល «បំពេញកាតព្វកិច្ចផ្នែកសីលធម៌» ដើម្បីរួមគ្នាប្រឆាំងនឹងវីរុសរាតត្បាតដ៏កាចសាហាវ ដែលបានសម្លាប់មនុស្ស ២.៤លាននាក់រួចទៅហើយ នៅលើពិភពលោក។

អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានប្រកាសអាសន្នថា រហូតមកទល់ពេលនេះ មានតែប្រទេសចំនួន ១០ ប៉ុណ្ណោះដែលបានផ្ដល់ការចាក់វ៉ាក់សាំងរហូតដល់ ៧៥% នៃចំនួនដូស ជូនដល់ប្រជាជានរបស់ពួកគេជាបណ្តើរៗ ខណៈ ១៣០ប្រទេសទៀត មិនទាន់បានផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ពួកគេនៅឡើយទេ។

លោក Guterres បានគូសបញ្ជាក់ថា «ប្រសិនបើយើងបណ្តោយឲ្យវីរុសរាតត្បាតដ៏កាចសាហាវនេះ រីករាលដាលដូចជាភ្លើងឆេះព្រៃ... វានឹងបំប្លែងខ្លួនម្តងហើយម្តងទៀត ដែលវីរុសបំប្លែងខ្លួនថ្មីនោះ អាចបង្កឱ្យមានការកើនឡើងនូវករណីឆ្លង និងស្លាប់កាន់តែច្រើន រួមទាំងអាចមានការគំរាមកំហែងកើនឡើង ដល់ប្រសិទ្ធភាពវ៉ាក់សាំងទៀតផង»

គួរបញ្ជាក់ថា បើតាមប្រធានទីភ្នាក់ងារមូលនិធីកុមាររបស់ អង្គការសហប្រជាជាតិហៅកាត់ថា យូនីសេហ្វ (UNICEF) លោកស្រី ហិនរាតតា ហ្វ័រ (Henrietta Fore) មធ្យោបាយតែមួយគត់ ដែលអាចទាញពិភពលោក ចេញពីការឆ្លងរីករាលដាលនៃវីរុសរាតត្បាតនេះ គឺធ្វើយ៉ាងណាធានាបាននូវការចាក់វ៉ាក់សាំង សម្រាប់មនុស្សគ្រប់គ្នា ដែលកំពុងប្រឈមមុខខ្លាំង៕