(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ជាផ្លូវការលើមន្ត្រីចារកម្មយោធាកូរ៉េខាងជើង ០៣រូប ពីបទដឹកនាំយុទ្ធនាការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) លួចលុយអេឡិចត្រូនិកគ្រីបតូ (crypto) និងលុយពីធនាគារជាច្រើន នៅជុំវិញពិភពលោកប្រមាណជា ១.៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

នេះគឺជាការចោទប្រកាន់ប្រឆាំងនឹង ក្រុមមន្ត្រីកូរ៉េខាងជើងជាលើកដំបូងបំផុត ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ បើតាមក្រសួងយុត្តិធម៌អាមេរិក មន្ត្រីចារកម្មយោធាកូរ៉េខាងជើងជាបុរសទាំង ០៣រូបខាងលើ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណមានឈ្មោះ លោក ចុន ឆាងយ៉ុក (Jon Chang Hyok), លោក គីម អ៉ីល (Kim Il) លោក ផាក ជីនយ៉ុក (Park Jin Hyok)។ មន្ត្រីទាំងបីនាក់នេះបម្រើការឱ្យ ការិយាល័យស៊ើបការណ៍សម្ងាត់ទូទៅកូរ៉េខាងជើង ដែលជាក្រុមការងារព័ត៌មានវិទ្យា ត្រូវបានអ្នកជំនាញសន្តិសុខស្គាល់ថា ជាក្រុមវាយប្រហារឡាហ្សារឹស (Hacker Lazarus Group) ឬ APT 38។

គួរបញ្ជាក់ថា កូរ៉េខាងជើង មិនទាន់ប្រតិកម្មអ្វីទៅនឹងការចោទប្រកាន់ របស់ក្រសួងយុត្តិធម៌អាមេរិកឡើយ។ ទោះជាយ៉ាងណា ជារឿយៗទីក្រុងព្យុងយ៉ាងតែងតែច្រានចោល រាល់ការចោទប្រកាន់បែបនេះ៕