(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធនេះបានចាប់ផ្តើមដំណាក់កាលទី ២ នៃកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏ធំរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១៧ ខែកម្ភៈ ឆ្នាំ២០២១។

ក្រុមអាទិភាពក្នុងជុំទី២ នៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងគ្រប់ដណ្តប់លើប្រជាជនចំនួន ៣៨.៥លាននាក់ ដោយក្នុងនោះរួមមាន ដូចជាអាជីវករផ្សារ មនុស្សចាស់ជរា គ្រូបង្រៀន ឥស្សរជនសាសនា អ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល ប៉ូលីស អ្នកសារព័ត៌មានក៏ដូចជាបុគ្គលិកដែលបម្រើការនៅក្នុងមន្ទីរពេទ្យ ឬការិយាល័យដឹកជញ្ជូននិងទេសចរណ៍ជាដើម។

នៅថ្ងៃពុធនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើទស្សនកិច្ចនៅទីផ្សារវាយនភណ្ឌមួយនៅកណ្តាលក្រុងហ្សាកាតា ដើម្បីសង្កេតមើលការអនុវត្តការចាក់វ៉ាក់សាំងដំណាក់កាលទី២ សម្រាប់ពាណិជ្ជករ។

ប្រធានាធិបតីរូបនេះបាននិយាយថា ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃដំណាក់កាលទី ២ នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបន្ថែមថាដំណាក់កាលទី១ ដែលផ្តោតលើបុគ្គលិកសុខាភិបាល បានចាប់ផ្តើមកាលពាក់កណ្តាលខែមករាកន្លងទៅ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែមករា មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីចូកូ វីដូដូ និងមន្រ្តីរដ្ឋាភិបាលជាច្រើននាក់ផ្សេងទៀត បានទទួលចាក់វ៉ាក់សាំង ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sinovac របស់ចិន៕