(រ៉ង់ហ្គូន)៖ លោកស្រី អោង សាន ស៊ូ ជី នៅទីបំផុតត្រូវបានមេធាវីលោកស្រីបញ្ជាក់ថា បានចូលរួមក្នុងសវនាការស្តាប់ ជាលើកដំបូងនៅចំពោះមុខតុលាការមីយ៉ាន់ម៉ា តាមរយៈវីដេអូខុនហ្វ្រិន គិតចាប់តាំងពីអំពើដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា បានកើតឡើងនៅប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

មេធាវីរបស់លោកស្រី ស៊ូ ជី គឺលោក ឃីន ម៉ង ហ្សរ (Khin Maung Zaw) ដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួម នៅក្នុងសវនាការរឹតត្បិតខាងលើនេះ បានផ្តល់ព័ត៌មានថា លោកស្រី ស៊ូ ជី បានបង្ហាញខ្លួននៅចំពោះមុខតុលាការ តាមរយៈវីដេអូខុនហ្វ្រិន ដោយគ្មានតំណាងណាម្នាក់ នៅជាមួយលោកស្រីឡើយ។ សវនាការត្រូវបានធ្វើឡើងនៅក្នុងថ្ងៃពុធនេះ ដោយលឿនជាងការរំពឹងទុក ហើយក៏ត្រូវបានគេមើលឃើញផងដែរថា យោធាកំពុងមានចេតនា បញ្ចប់អាជីពជាអ្នកនយោបាយរបស់លោកស្រី។

ទោះជាយ៉ាងណា តុលាការមីយ៉ាន់ម៉ាមិនបានទទួលស្គាល់លោក ឃីន ម៉ង ហ្សរ ជាមេធាវីផ្លូវការរបស់លោកស្រី អោង សាន ស៊ូ ជី នោះឡើយ ហើយលោកក៏ត្រូវបានរារាំង មិនឲ្យជួបលោកស្រី ស៊ូជី តាំងតែពីក្រោយផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ នោះមកម្ល៉េះ។ បើតាមលោកមេធាវី សវនាការស្តាប់ត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងបំផុត ហើយលោកក៏មិនបាននិយាយអ្វី លើសពីនេះទៀតដែរ។

កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក ឃីន ម៉ង ហ្សរ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកស្រី ស៊ូ ជី ត្រូវបានគេចោទប្រកាន់មួយករណីទៀត ពីបទរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ បន្ថែមពីលើបទចោទប្រកាន់ រឿងកាន់កាប់វិទ្យុទាក់ទងខុសច្បាប់ និងការបំពានច្បាប់នាំចេញ-នាំចូលរបស់មីយ៉ាន់ម៉ា៕