(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រសិនបើលោក ដូណាល់ ត្រាំ ចូលរួមប្រកួតប្រជែងយកតំណែង ជាបេក្ខជនតំណាងគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ នោះអ្នកគាំទ្របក្សសាធារណរដ្ឋភាគច្រើន នឹងនៅតែគាំទ្ររូបលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់ វែបសាយព័ត៌មាន Politico ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកបោះឆ្នោតដែលគាំទ្រគណបក្សសាធារណរដ្ឋប្រមាណ ៥៤ភាគរយ បាននិយាយថា ពួកគេច្បាស់ណាស់នឹងផ្តល់ការគាំទ្រ ដល់អតីតប្រធានាធិបតីអាមេរិករូបនេះ ហើយ ៥៩ភាគរយបានអះអាងថា លោក ដូណាល់ ត្រាំ គួរតែដើរតួនាទីសំខាន់នៅក្នុងបក្សសាធារណរដ្ឋ នាពេលអនាគត។

គួរបញ្ជាក់ថា លោក ត្រាំ ទើបតែបានរួចខ្លួនពីការប៉ុនប៉ងកាត់ទោស ដែលសំដៅរារាំងមិនឲ្យលោកអាចឈរឈ្មោះ ដើម្បីប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីអាមេរិក បានតទៅទៀតនាពេលអនាគត ពាក់ព័ន្ធនឹងកុបកម្មដ៏កក្រើក នៅឯវិមានសភាអាមេរិក កាលពីខែមករាកន្លងទៅ។ បើគិតទៅដល់ថ្ងៃបោះឆ្នោតឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ នឹងមានអាយុ ៧៨ឆ្នាំ៕