(រ៉ង់ហ្គូន)៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាលោក ថម អ៊ែនឌ្រូស៍ (Tom Andrews) បានព្រមានថា អំពើហិង្សាអាចនឹងផ្ទុះឡើងនៅថ្ងៃពុធនេះ ខណៈក្រុមបាតុករប្រឆាំងរដ្ឋប្រហារ និងយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងប្រឈមមុខដាក់គ្នាសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការព្រមានខាងលើរបស់លោក Tom Andrews កើតមានឡើងបន្ទាប់ពីលោកស្រី អោង សាន ស៊ូ ជី កាលពីថ្ងៃអង្គារម្សិលមិញ ត្រូវបានគេចោទប្រកាន់ពីបទល្មើសថ្មីមួយទៀត នៅក្រោមច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បន្ថែមពីលើការចោទប្រកាន់ថា លោកស្រីកាន់កាប់វិទ្យុទាក់ទងដោយខុសច្បាប់។

លោក Tom Andrews បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សាទ្រង់ទ្រាយធំ ដែលអាចផ្ទុះឡើងនៅថ្ងៃពុធនេះ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយើងមិនធ្លាប់បានឃើញ ចាប់តាំងពីមានរដ្ឋប្រហារ ដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី០១ ខែកុម្ភៈមក»

គួរបញ្ជាក់ថា បើតាមលោក Tom Andrews លោកទទួលបានរបាយការណ៍ជាច្រើនថា កងទ័ពមីយ៉ាន់ម៉ាត្រូវបានគេដាក់ពង្រាយបន្ថែម ទៅកាន់ទីក្រុងជាច្រើន ខណៈរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានកាត់ផ្ដាច់ប្រព័ន្ធអ៉ីនធើណិតស្ទើរតែទាំងស្រុង ឈានចូលដល់ថ្ងៃទី៣ គិតត្រឹមព្រឹកថ្ងៃពុធនេះ ដើម្បីទប់ស្កាត់ និងបង្រ្កាបបាតុកម្មតវ៉ា៕