(តូក្យូ)៖ ជប៉ុន នឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនរបស់ខ្លួន នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈនេះ ចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញបញ្ហាកង្វះសឺរុំាងពិសេស ដែលអាចបណ្តាលឲ្យវ៉ាក់សាំង Pfizer រាប់លានដូសត្រូវខ្ជះខ្ជាយ ខណៈដែលប្រទេសនេះកំពុងជួបប្រទះនូវរលកឆ្លងទី៣ និងគ្រោះថ្នាក់បំផុត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអង្គារ ទី១៦ ខែកម្ភៈ ឆ្នាំ២០២១។

ប្រធានកម្មវិធីចាក់វ៉ាក់សាំងជប៉ុន លោក Taro Kono បានប្រកាសបើកដំណើរការកម្មវិធីនេះ នៅឯសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃអាទិត្យ ដែលជាការអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់លើកដំបូង នៅក្នុងប្រទេស។

ប៉ុន្តែក្តីកង្វល់កាន់តែមានខ្លាំងឡើង ជុំវិញបញ្ហាកង្វះសឺរុំាងពិសេស ដែលអាចបណ្តាលឲ្យវ៉ាក់សាំងរាប់លានដូស នឹងត្រូវខ្ជះខ្ជាយ។ ថ្បិតថា សឺរុំាងពិសេសនេះ មានមុខងារក្នុងការបង្កើនចំនួនដូស ដែលត្រូវបានប្រើពីដបថ្នាំនីមួយៗ។

រដ្ឋាភិបាលជប៉ុន បានធ្វើការស្នើសុំជាបន្ទាន់រួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុនអ្នកផលិត បានព្យាយាមបង្កើនការផលិតកម្មអស់ពីសមត្ថិភាពហើយ។ ប្រការនេះបានដែលធ្វើឲ្យនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ឈឺក្បាលមិនតិចទេ នៅចំពោះមុខការគាំទ្រពីសាធារណៈជន មានការចុះខ្សោយយ៉ាងខ្លាំង។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ដែលនឹងចាប់ផ្តើមថ្ងៃពុធស្អែកនេះ នឹងមានគោលដៅគ្របដណ្តប់លើតែបុគ្គលិកពេទ្យចំនួន ៤០,០០០នាក់។ បន្ទាប់មករដ្ឋាភិបាល នឹងកំណត់គោលដៅទៅលើមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើង។ លោក Kono បាននិយាយថាការចាក់វ៉ាក់សាំងនឹងត្រូវបញ្ចប់ ក្នុងរយៈពេលមួយឆ្នាំ៕