(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧២ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 ក្នុងប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦៩ករណីជាករណីឆ្លងក្នុងស្រុក ចំណែកឯ ៣ករណីទៀតគឺជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរ ដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៤,៧៨៦ករណី ក្នុងចំណោមនោះ ២២,១៣៦នាក់ ជាករណីឆ្លងក្នុងស្រុក ខណៈ ២,៦៥០នាក់ទៀត ជាប្រភេទករណីនាំចូល។ ដោយឡែក ចំនួនអ្នកស្លាប់វិញ នៅរក្សាត្រឹម ៨០នាក់ដដែល៕