(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) បានលើកឡើងថា ការជំរុញឲ្យមានទណ្ឌកម្មកាន់តែច្រើន ទៅលើប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឲ្យប្រជាជនធម្មតារងគ្រោះធ្ងន់ជាងគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការថ្លែងដូចខាងលើនេះដោយលោក លោក វីវៀន បាឡាគ្រីសណាន់ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំសភាសិង្ហបុរី ដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះ ក៏បានលើកឡើងផងដែរ អំពីទិន្នន័យរបស់ធនាគារពិភពលោក (World Bank) ដែលបង្ហាញថា ប្រជាជនមីយ៉ាន់ប្រមាណ ២៥% កំពុងបន្តរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយជំងឺរាតត្បាតសកល COVID-19 បាននិងកំពុងបង្កបញ្ហាធ្ងន់ធ្ងរស្រាប់ទៅហើយ ចំពោះសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ។

លោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាទាំងអស់របស់ខ្ញុំ រួមទាំងតាមទូរស័ព្ទផងដែរ ខ្ញុំបាននិយាយថា យើងមិនគួរជំរុញឲ្យមានការដាក់ទណ្ឌកម្ម បែបរើសអើងកាន់តែច្រើននោះឡើយ ព្រោះអ្នកដែលនឹងត្រូវរងគ្រោះខ្លាំងបំផុត នោះគឺប្រជាជនធម្មតា នៅមីយ៉ាន់ម៉ាតែប៉ុណ្ណោះ»។ ប្រទេសសិង្ហបុរីក្នុងនាមជា សមាជិកអាស៊ានដូចគ្នាក៏សង្ឃឹមផងដែរថា មីយ៉ាន់ម៉ានឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងការផ្សះផ្សាជាតិ។

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានកើតមានបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា និងអំពាវនាវឲ្យយោធាបច្ចុប្បន្ន ចុះចេញពីអំណាច ហើយដោះលែងលោកស្រី អោង សាន ស៊ូ ជី និងអ្នកនយោបាយដទៃទៀត ដែលកំពុងជាប់ឃុំឃាំង៕