(សេអ៊ូល)៖ បណ្តាញស៉ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង NIS បានអះអាងថា កូរ៉េខាងជើងបានព្យាយាមធ្វើការលុកលុយ តាមប្រព័ន្ធព័ត៌មានវិទ្យាចូលក្នុង ម៉ាស៉ីនរក្សាទុកទិន្នន័យរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីយកព័ត៌មានពាក់ព័ន្ធនឹង បច្ចេកវិទ្យាអភិវឌ្ឍវ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានខាងលើ បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងពីព័ត៌មាននេះ ក្នុងអំឡុងកិច្ចប្រជុំឯកជនមួយ ជាមួយគណៈកម្មាធិការស៉ើបការណ៍សម្ងាត់នៃរដ្ឋសភាកូរ៉េខាងត្បូង។ យ៉ាងណាមិញ វាមិនច្បាស់នោះទេថា ក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ទទួលបានជោគជ័យដែរឬក៏អត់។ ដោយឡែក ក្នុងខែកុម្ភៈនេះ សម្ព័ន្ធវ៉ាក់សាំង Gavi បានឲ្យដឹងថា កូរ៉េខាងជើងបានស្នើសុំវ៉ាក់សាំង COVID-19 ហើយរំពឹងថានឹងទទួលបានជិត ២លានដូស។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២០ ស្ថាប័នព័ត៌មានអាមេរិក Wall Street Journal បានរាយការណ៍ថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានចូលលុកលុយតាមប្រព័ន្ធព័ត៌មានវិទ្យា លើក្រុមហ៊ុនផលិតឱសថចំនួន០៦ ដែលអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង៕