(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ម្ដងហើយម្ដងទៀត ដោយបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាប្រទេសមួយនេះកំពុងព្យាយាមផលិតអាវុធ ឬគ្រាប់បែកនុយក្លេអ៊ែរ។ ទង្វើ រំលោភបំពានទាំងនោះត្រូវបានទីក្រុងតេហេរ៉ង់អះអាងថាជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៨។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៉ីរ៉ង់ និងអតីតរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា រួមទាំងបណ្ដាប្រទេសមហាអំណាចដូចជា ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប គឺជាក្ដីសង្ឃឹមតែមួយគត់ដែលជួយឱ្យអ៉ីរ៉ង់រួចផុតពីទណ្ឌកម្មអន្តរជាតិ ក៏ដូចជាអាចចូលទៅកាន់ទីផ្សារពិភពលោក ឬលោកខាងលិចឡើងវិញ។ ប្រធានាធិបតីលោក ចូ បៃដិន ធ្លាប់បានសន្យាថានឹងនាំសហរដ្ឋអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនេះជាថ្មី ប៉ុន្តែមកទល់នឹងពេលនេះ រដ្ឋបាលរបស់លោកនៅតែមិនទាន់ធ្វើការសម្រេចចិត្តជាវិជ្ជមានណាមួយនៅឡើយទេ ហើយថាសហរដ្ឋអាមេរិកនឹងមិនដកទណ្ឌកម្មចេញពីអ៉ីរ៉ង់ជាដាច់ខាត រហូតទាល់តែទីក្រុងតេហេរ៉ង់ត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងជាមុនសិន។

ជាការឆ្លើយតប មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា អ៉ីរ៉ង់នឹងអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ដរាបណាសហរដ្ឋអាមេរិកដកទណ្ឌកម្មជាមុនសិន។ មិនតែប៉ុណ្ណោះ អ៉ីរ៉ង់ថែមទាំងផ្គើនលើសដើម ដោយប្រកាសចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យដល់ ២០ភាគរយ លើសពីកម្រិតដែលត្រូវបានកំណត់ក្រោមកិច្ចព្រមព្រៀងតម្រូវឱ្យមានត្រឹមតែ ៣.៦៧ភាគរយ។ ក្រុមមន្ត្រីលោកខាងលិច ជាពិសេសគឺក្រុមមន្ត្រីអ៉ីស្រាអែលយល់ថាការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបានបង្ហាញយ៉ាងច្បាស់ថាអ៉ីរ៉ង់មានចេតនាផលិតអាវុធនុយក្លេអ៊ែរ។ តើអ៉ីរ៉ង់ពិតជាកំពុងផលិតអាវុធនុយក្លេអ៊ែរ ឬក៏គ្រាន់តែចង់បញ្ឈឺឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ?

*អ៉ីរ៉ង់ប្រើពេល២ឆ្នាំ ផលិតអាវុធនុយក្លេអ៊ែរ?

ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល កាលពីសប្ដាហ៍មុនបាននិយាយថាអ៉ីរ៉ង់អាចនឹងប្រើពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះដើម្បីផលិតអាវុធ ឬគ្រាប់បែកនុយក្លេអ៊ែរ ពី២ទៅ៣គ្រាប់នៅក្នុងករណីដែលទីក្រុងហេរ៉ង់ជ្រើសរើសដើរផ្លូវមួយនេះមែននោះ។

ក្រុមជំនាញភាគច្រើន ក៏យល់ស្របដូចគ្នាទៅនឹងក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អ៉ីស្រាអែលដែរថាអ៉ីរ៉ង់បច្ចុប្បន្នមានសារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ក្នុងការផលិត គ្រាប់បែកនុយក្លេអ៊ែរទាស់នៅត្រង់ថាចង់ ឬុមិនចង់តែប៉ុណ្ណោះ។ បើតាមសមាគមគ្រប់គ្រងអាវុធ Arms Control Association ដើម្បីផលិតគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ អ៉ីរ៉ង់ចាំបាច់ផលិតសារធាតុអ៊ុយរ៉ាញ៉ូមឱ្យបាន ១,០៥០គីឡូក្រាម ហើយក្រោយមកទៀតត្រូវចម្រាញ់យកអ៊ុយរ៉ាញ៉ូមសុទ្ធ៩០ភាគរយឡើងទៅ។ ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិក IAEA ក៏បានចេញផ្សាយរបាយការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យដឹងដែរថាអ៉ីរ៉ង់កំពុងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ២,៤៤២.៩គីឡូក្រាម ឯណោះ។

តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល នៅតែយល់ថាអ៉ីរ៉ង់ខ្វះសមត្ថភាពខាងបចេ្ចកវិទ្យាបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីល ហើយការស្លាប់របស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់លោក Mohsen Fakhrizadeh អាចនឹងធ្វើឱ្យអ៉ីរ៉ង់ជួបការលំបាកក្នុងការអភិវឌ្ឈអាវុធនុយក្លេអ៊ែរ។ លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើលួចឃាតកាលពីវិច្ឆិកា ឆ្នាំ២០២០ ហើយទីក្រុងតេហេរ៉ង់បានចោទត្រង់ៗថាអ៉ីស្រាអែលគឺជាអ្នកពីក្រោយខ្នងការសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរកំពូល របស់ខ្លួនរូបនេះ។

*ហេតុអ្វីបានជាអ៉ីរ៉ង់ស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូម?

អ៉ីរ៉ង់បានអះអាងជាយូរណាស់មកហើយថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលប្រកបដោយសន្តិភាពសម្រាប់តែការសិក្សាស្រាវជ្រាវ និងបម្រើវិស័យ ថាមពលតែប៉ុណ្ណោះ ខណៈហា្វត់ត្វា (fatwa) ឬបទបញ្ជាផែ្នកសាសនាដាក់ចេញដោយអតីតមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ហូសេន ខាមីនី (Ali Hosseini Khamenei) អំឡុងទសវត្សរឆ្នាំ១៩៩០ ក៏បានបញ្ជាក់ដែរថាអ៉ីរ៉ង់ត្រូវបានហាមឃាត់ពីការកាន់កាប់អាវុធនុយក្លេអ៊ែរ។

ក៏ប៉ុន្តែកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៉ីរ៉ង់លោក ម៉ាស់មូត អាល់ឡាវី (Mahmoud Alavi) បានព្រមានត្រង់ៗថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងបង្ខំឱ្យអ៉ីរ៉ង់ងាកចេញពីគោលការណ៍មួយនេះឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ។ លោក ម៉ាស់មូតបន្ថែមទៀតថាសត្វឆ្មានៅពេលដែលវាទ័លច្រក វានឹងបកក្បាលខាំសត្រូវរបស់វាវិញ។ តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីរូបនេះអះអាងដដែលថាក្នុងកាលៈទេសៈបច្ចុប្បន្ន អ៉ីរ៉ង់មិនមានផែនការផលិតអាវុធនុយក្លេអ៊ែរ ហើយលើកឡើងបែបនេះគឺដូចគ្នាទៅនឹងគោលជំហររបស់ថ្នាក់ដឹកនាំកំពូលអ៉ីរ៉ង់។

របបដឹកនាំអ៉ីរ៉ង់សព្វថ្ងៃ មិនមែនខ្លាចសហរដ្ឋអាមេរិក ឬអ៉ីសា្រអែលប្រើប្រាស់កម្លាំងយោធាផ្ដួលរំលំខ្លួននោះទេ។ តែផ្ទុយទៅវិញ អ្វីដែលពួកគេខ្លាចនោះគឺ ប្រជាជនខ្លួនឯង និងភាពចលាចលផ្ទៃក្នុងប្រទេសដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។ ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ដែលកំពុង រងការខូចខាតស្រាប់ដោយសារតែ COVID-19 ស្ទើតែដួលរំលំទៅហើយ។ ម្យ៉ាងវិញទៀត បើសិនជានៅតែបន្តបែបនេះ នោះប្រជាជនអ៉ីរ៉ង់អាចនឹងងើបឡើងបោះបោរប្រឆាំងនឹងរបបដឹកនាំទីក្រុងតេហេរ៉ង់សព្វថ្ងៃដែលបានដឹងយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក និងអ៉ីស្រាអែលរង់ចាំតែឱកាសលូកដៃចូលគាំទ្រចលនាបះបោរ។

ដូច្នេះ ក្នុងស្ថានភាពបច្ចុប្បន្ន ឬអនាគតដ៏ខ្លីខាងមុខ អ៉ីរ៉ង់ប្រហែលជាជ្រើសរើសយកការដកទណ្ឌកម្មសេដ្ឋកិច្ច ហើយការព្រមាន ឬការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមគ្រាន់តែជាយុទ្ធសាស្ត្រកំញើញ និងដាក់សម្ពាធឱ្យរដ្ឋបាលលោក ចូ បៃដិន នាំសហរដ្ឋអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញតែប៉ុណ្ណោះ។ ឬអាចនិយាយម្យ៉ាងទៀតបានថាអ៉ីរ៉ង់ប្រើប្រាស់ការស្ដុកទុកសារធាតអ៊ុយរ៉ាញ៉ូម គ្រាន់តែជាសន្លឹកបៀរចង់អង្គុយចរចាជាមួយសហរដ្ឋអាមេរិកដោយស្មើមុខស្មើមាត់ ព្រោះថាបើគ្មានអ្វីដាក់សម្ពាធ ឬបំភ័យអាមេរិកទេ នោះកិច្ចចរចាប្រហែលជានឹងមិនអាចកើតឡើងឡើយ ឬក៏នៅក្នុងកិច្ចចរចា អ៉ីរ៉ង់នឹងត្រូវធ្វើតាមអាមេរិកគ្រប់រឿង។

គួរបញ្ជាក់ថា ប្រទេសក្នុងលោកដែលមានអាវុធនុយក្លេអ៊ែរ គឺមានចំនួន៩ ក្នុងនោះរួមមានសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, រុស្ស៊ី, បារាំង, ចិន, ឥណ្ឌា, ប៉ាគីស្ថាន, អ៉ីស្រាអែល និងកូរ៉េខាងជើង៕

ប្រភព៖ Vox, New York Times