(យូអិន)៖ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានស្នើឲ្យបេសកកម្មថែរក្សាសន្តិភាពរបស់ស្ថាប័ននេះ ចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19 នៅតាមប្រទេសដែលពួកគេកំពុងឈរជើងតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការស្នើរបស់តំណាងចិនប្រចាំ UN ខាងលើនេះ បានកើតមានឡើងចំពោះមុខ បញ្ហានៃជំងឺរាតត្បាតសកល COVID-19 ដែលកំពុងបន្តអូសបន្លាយ។ ក្នុងន័យនេះ ចិនចង់ឲ្យបេសកកម្មថែរក្សាសន្តិភាព ចាត់ទុកការទប់ស្កាត់ជំងឺ COVID-19 ឲ្យដូចទៅនឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការគំរាមកំហែងដោយក្រុមសកម្មប្រយុទ្ធនានា ហើយត្រូវចូលរួមគ្នាទប់ស្កាត់ ដើម្បីថែរក្សាសន្តិភាព និងសន្តិសុខរបស់អន្តរជាតិ។

លោក ជែង ហ្ស័ង (Geng Shuang) អ្នកតំណាងរងនៃបេសកកម្មចិន ប្រចាំនៅ UN បានថ្លែងថា បេសកកម្មថែរក្សាសន្តិភាពទាំងឡាយ គួរតែផ្តល់ការជួយជ្រោមជ្រែង ទៅដល់ប្រទេសដែលពួកគេកំពុងឈរជើង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត និងសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19។

លោក Geng Shuang បានសង្កត់ធ្ងន់ថា ប្រតិបត្តិការរបស់កងកម្លាំង UN គួរតែត្រូវបានធ្វើឡើង ក្រោមការស្មើសុំរបស់រដ្ឋាភិបាល នៃប្រទេសដែលពួកគេកំពុងឈរជើង ក្នុងនោះមានដូចជា ការជួយសម្រួលសកម្មភាពដឹកជញ្ជូន, ការផ្គត់ផ្គង់សេវាកម្ម និងការគ្រប់គ្រងវ៉ាក់សាំងជាដើម ដែលសុទ្ធសឹងតែជាយុទ្ធនាការ ជួយជំរុញប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង COVID-19។

បើតាមលោក Geng Shuang ប្រទេសចិនក្នុងនាមជាអ្នកផ្តល់ហិរញ្ញវត្ថុ ធំបំផុតលំដាប់លេខ ២ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់ UN នៅទូទាំងពិភពលោក និងជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម ០៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានគេមើលឃើញថា បាននិងកំពុងតែតួយ៉ាងសំខាន់ នៅក្នុងការជំរុញដំណើរការ នៃបេសកកម្មថែរក្សាសន្តិភាពនេះ៕