(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បាននិយាយថា NATO នឹងមិនដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ មុនពេលវេលាស័ក្តិសមមកដល់ ហើយការថ្លែងបែបនេះធ្វើឡើងមុនពេលលោក ត្រូវចូលរួមកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសសមាជិកប្លុកយោធាដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសន្នីសីទសារព័ត៌មានមួយនាថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខអង្គការ NATO ខាងលើបានលើកឡើងដូច្នេះថា «ទោះបីជាគ្មានសម្ព័ន្ធមិត្តណាមួយ ចង់បន្តស្ថិតយូរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លើសពីភាពចាំបាច់នោះក៏ដោយ ក៏យើងមិនអាចចាកចេញ នៅមុនពេលវេលាស័ក្តិសមចូលមកដល់នោះដែរ»។ លោក Jens Stoltenberg បានបន្ថែមទៀតថា ក្រុមរដ្ឋមន្ត្រីទាំងអស់នឹងបន្តវាយតម្លៃ អំពីស្ថានភាពជាក់ស្ដែង ហើយតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាសមាជិក និងដៃគូរបស់អង្គការ NATO ចំនួន ៣០ប្រទេស នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាដោយផ្ដោតជាសំខាន់ ទៅលើវត្តមានកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថានមកនៅត្រឹម ២,៥០០នាក់ កាលពីខែមករាកន្លងទៅ ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមតាលីបង់។

ទោះជាបែបនេះក្តី រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន បានសន្យាថា នឹងពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ ខណៈមន្ទីរបញ្ចកោណចោទថា ក្រុមតាលីបង់មិនបានអនុវត្ត តាមកិច្ចព្រមព្រៀងដែលបានខ្លួនបានសន្យា ក្នុងនោះរួមមាន កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងការបញ្ឈប់ការវាយប្រហារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម៕