(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចកិច្ចព្រមព្រៀងបន្ថែមទៀត នៅក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 សម្រាប់ប្រជាជន ២៣លាននាក់ពីក្រុមអាមេរិក Novavax និង Pfizer។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះដែរ កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Novavax សម្រាប់ប្រជាជន ២០លាននាក់ និងក្រុមហ៊ុន Pfizer សម្រាប់ប្រជាជន ០៣លាននាក់។ ការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅអំឡុងត្រីមាសទី ១ នៃឆ្នាំ២០២១នេះ។

ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ឈឹង សេគ្យុន (Chung Sye-kyun) បានលើកឡើងថា «រដ្ឋាភិបាលបានធ្វើការងារយ៉ាងសកម្ម ដើម្បីធ្វើការផ្គត់ផ្គង់វ៉ាក់សាំង នៅដំណាក់កាលដំបូង ប៉ុន្តែភាពមិនច្បាស់លាស់បានកើតឡើង ចំពោះកម្មវិធីចាក់វ៉ាក់សាំងរបស់យើង សម្រាប់ដំណាក់កាលនេះ ដោយសារតែបញ្ហានៃចង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនផលិតឱសថអន្តរជាតិ និងការប្រកួតប្រជែងជាសកល ក្នុងការបញ្ចេញវ៉ាក់សាំងបន្ថែមទៀត»

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជន ៥២លាននាក់ ពេលនេះត្រូវបានគេមើលឃើញថា មានវ៉ាក់សាំងបង្ការ COVID-19 គ្រប់គ្រាន់សម្រាប់ចាក់ឲ្យគ្រប់គ្នាទៅហើយ ដោយការចាក់លើកដំបូង នឹងចាប់ផ្តើមនៅចុងខែកុម្ភៈនេះ។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបជាង ៨៤,៣០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១,៥៣៤នាក់ និងជាសះស្បើយវិញជាង ៧៤,៥០០នាក់៕