(សេអ៊ូល)៖ អតីតប្រធានឆ្មាំសមុទ្រកូរ៉េខាងត្បូងម្នាក់ ត្រូវបានតុលាការសម្រេចឲ្យរួចខ្លួនពីការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីលិចសាឡង់ដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្រ្តប្រទេសអាស៉ីខាងកើតមួយនេះ កាលពីប៉ុន្មានឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្សជាង ៣០០នាក់ស្លាប់ ហើយភាគច្រើនជាសិស្សសាលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

នាថ្ងៃចន្ទនេះ តុលាការមួយនៅទីក្រុងសេអ៊ូលបានសម្រេចថា លោក Kim Suk-kyoon ដែលមានតួនាទីជាប្រធានឆ្មាំសមុទ្រកូរ៉េខាងត្បូង កាលពីអំឡុងឆ្នាំ២០១៤ មិនមានទោសកំហុសអ្វីឡើយ ទាក់ទងនឹងទៅនឹងប្រតិបត្តិការជួយសង្រ្គោះ នៅពេលសាឡង់ឈ្មោះ Sewol ដែលដឹកសិស្សសាលាបំពេញទស្សនកិច្ចសិក្សា បានលិចនៅក្បែរឆ្នេរភាគខាងត្បូង កាលពីខែមេសា ឆ្នាំដដែល។ សិស្សជាច្រើនបានស្តាប់ តាមការបង្គាប់ឲ្យពួកគេស្ថិតនៅក្នុងបន្ទប់រៀងៗខ្លួន ស្របពេលដែលសាឡង់នោះលិចចូលទឹកដោយសន្សឹមៗ។

តុលាការក៏បានសម្រេចឲ្យបុគ្គល ០៩នាក់ទៀត ដែលជាអតីតមន្រ្តីនិងមន្រ្តីបច្ចុប្បន្ននៅកងឆ្មាំសមុទ្រ រួចខ្លួនពីការចោទប្រកាន់ ពីបទធ្វេសប្រហែសក្នុងការបំពេញភារកិច្ច ដូចលោក Kim ផងដែរ ដោយថាពេលនោះ ការប្រកាសឲ្យជម្លៀសខ្លួនក៏ត្រូវបានធ្វើឡើងដែរ ហើយវាក៏ជាការសម្រេចចិត្តត្រឹមត្រូវ ដោយផ្អែកលើព័ត៌មានដែលពួកគេទទួលបានទៀតផង។

គួរបញ្ជាក់ថា ប្រធានបញ្ជាគ្រប់គ្រងសាឡង់ Sewol គឺលោក Lee Joon-seok ដែលស្ថិតក្នុងចំណោមបុគ្គលដំបូងៗ ដែលបានរត់យករួចខ្លួន ចេញពីសាឡង់ដែលកំពុងលិច ដោយទុកក្មេងៗរាប់រយនាក់ចោលនៅក្នុងនោះ ត្រូវបានរកឃើញមានទោសពីបទធ្វេសប្រហែស និងមនុស្សឃាត កាលពីឆ្នាំ២០១៥ ហើយត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ ចំណែកក្រុមការងារសាឡង់ដទៃទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេលចន្លោះចាប់ពី១៨ខែ ដល់១២ឆ្នាំ៕