(សៀងហៃ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ប្រទេសចិនកំពុងធ្វើប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ក្លែងក្លាយ ខណៈជនសង្ស័យរាប់សិបនាក់ហើយ ត្រូវបានប៉ូលិសចាប់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

គិតត្រឹមថ្ងៃពុធសប្ដាហ៍មុន ប៉ូលីសចិនបានចាប់ខ្លួនជនសង្ស័យចំនួន ៧០នាក់ ហើយក្នុងនោះជនសង្ស័យ ២១នាក់ជាប់ទាក់ទងនឹងករណីផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ ដែលភាគច្រើននៃករណីទាំងនេះ បានកើតឡើងក្នុងដំណាក់កាលដំបូងៗ នៃការចេញលក់វ៉ាក់សាំង។

ជនសង្ស័យមួយក្រុមក្នុងចំណោមអ្នក ដែលត្រូវបានចាប់ខ្លួនខាងលើនេះ បានរកប្រាក់ចំណូលប្រហែល ១៨លានយ័ន (២.៨ លានដុល្លារអាមេរិក) ពីការចែកចាយវ៉ាក់សាំងក្លែងក្លាយ។ ក្នុងករណីផ្សេងទៀត វ៉ាក់សាំងក្លែងក្លាយត្រូវបានលក់ក្នុងតម្លៃខ្ពស់ រួមទាំងមានបំណងនាំចេញទៅក្រៅប្រទេសទៀតផង។

ជុំវិញបញ្ហានេះ មន្ត្រីស៊ើបអង្កេតរបស់ចិន បានជំរុញឲ្យទីភ្នាក់ងារក្នុងតំបន់ សហការជាមួយប៉ូលិសក្នុងការបង្កើនសកម្មភាពយ៉ាងរហ័ស និងមិនផ្លាស់ប្តូរ ដើម្បីទប់ស្កាត់សកម្មភាពបែបនេះ។

គួរបញ្ជាក់ថា ប្រទេសចិនបានផ្តល់ការចាក់វ៉ាក់សាំងចំនួន ៤០.៥២លានដូសរួចទៅហើយ ដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង COVID-19 គិតត្រឹមថ្ងៃអង្គារសប្តាហ៍មុន។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លង COVID-19 សរុប ៨៩,៧៧២ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៤,៤៩៩នាក់៕