(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នឹងធ្វើការសម្រេចចិត្តមួយក្នុងសប្ដាហ៍នេះ ជុំវិញការដកចេញវិធានការបិទទ្វារ ឬ lockdown ពីប្រទេសអង់គ្លេស បន្ទាប់ពីប្រជាជន ១៥លាននាក់ ទទួលបានការចាក់វ៉ាក់សាំង COVID-19 ដូសដំបូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក បូរីស ចនសុន កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ពីសំណាក់សមាជិកសភា និងអ្នកជំនួញមួយចំនួនធំៗ ដែលចង់ឱ្យចង់មានការបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចជាធម្មតាឡើងវិញ។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) បានថ្លែងប្រាប់សារព័ត៌មាន Sky News យ៉ាងដូច្នេះថា «យើងកំពុងទន្ទឹមរង់ចាំទិន្នន័យ ខណៈអ្នកគ្រប់គ្នាសុទ្ធតែ ចង់ចាកចេញពីស្ថានភាពនេះ...»។ លោក Hancock បានគូសបញ្ជាក់បន្ថែមថា ការសម្រេចចិត្តអាចនឹងត្រូវធ្វើឡើង នៅក្នុងសប្ដាហ៍នេះដោយលោក ចនសុន ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានដែរថា ចំនួនអ្នកស្លាប់ និងសម្រាកព្យាបាលជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យ ពេលនេះនៅតែស្ថិតនៅកម្រិតខ្ពស់ដដែល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ចក្រភពអង់គ្លេស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានអ្នកឆ្លង COVID-19 សរុប ៤,០៣៨,០៧៨នាក់ ក្នុងនោះស្លាប់ ១១៧,១៦៦នាក់ និងជាសះស្បើយឡើងវិញ ២,១៦០,៥១៥នាក់៕