(អ៉ីរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៊ីដ ខាទីបហ្សាដេហ៍ (Saeed Khatibzadeh) បាននិយាយថា ប្រទេសអ៉ីរ៉ង់មិនធ្លាប់ព្យាយាម ហើយក៏នឹងមិនមានថ្ងៃផលិត អាវុធនុយក្លេអ៊ែរនោះដែរ។ ការថ្លែងបែបនេះបានកើតមានឡើង នៅចំពោះមុខក្តីបារម្ភ ដោយសារបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នៅតែមិនទាន់ដោះស្រាយបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Khatibzadeh បានគូសបញ្ជាក់ដូចខាងលើបន្ទាប់ពីត្រូវបានចោទសួរ អំពីការលើកឡើងរបស់រដ្ឋមន្រ្តីស៉ើបការណ៍សម្ងាត់អ៉ីរ៉ង់ កាលពីសប្តាហ៍មុនដែលថា ការបន្តដាក់សម្ពាធឥតឈប់ឈរ ពីសំណាក់ប្រទេសលោកខាងលិច អាចរុញច្រានឲ្យទីក្រុងតេហេរ៉ង់ ព្យាយាមងាកទៅបង្កើតអាវុធនុយក្លេអ៊ែរ។

កាលពីខែឧសភា ឆ្នាំ២០១៨ អតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង JCPOA ឬ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៉ីរ៉ង់។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ទទួលស្គាល់សិទ្ធិរបស់អ៉ីរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព តែអ៉ីរ៉ង់ត្រូវសន្យាមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ ដើម្បីដោះដូរឲ្យខាងអាមេរិក និងអឺរ៉ុបដកទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៉ីរ៉ង់វិញ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ សភាអ៉ីរ៉ង់បានអនុម័តច្បាប់មួយ ដែលកំណត់ឲ្យរដ្ឋាភិបាលអ៉ីរ៉ង់ ត្រូវបានផ្អាកការចុះត្រួតពិនិត្យ របស់អាជ្ញាធរថាមពលអាតូមិកអន្តរជាតិ IAEA នៅកន្លែងថាមពលនុយក្លេអ៊ែររបស់ខ្លួន ហើយបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឲ្យ លើសពីកម្រិតដែលកំណត់នៅក្រោមកិច្ចព្រមព្រៀង JCPOA ប្រសិនបើទណ្ឌកម្មនៅតែមិនត្រូវបានដកចេញ ឬបន្ធូរបន្ថយ។

រដ្ឋាភិបាលថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ចូ បៃដិន បានទាមទារឲ្យអ៉ីរ៉ង់បញ្ឈប់សកម្មភាព ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហើយវិលត្រឡប់ទៅគោរពកិច្ចព្រមព្រៀង JCPOA ឲ្យបានពេញលេញវិញជាមុនសិន មុននឹងទីក្រុងវ៉ាស៉ីនតោនយល់ព្រម ពិភាក្សារឿងដកទណ្ឌកម្ម៕