(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន បានប្រកាសដាក់ទណ្ឌកម្មប្រឆំាងនឹងរបបសឹកមីយ៉ាន់ម៉ា ១០ថ្ងៃបន្ទាប់ពីយោធាបានធ្វើ រដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី។ ការធ្វើរដ្ឋប្រហារចាប់ឃុំខ្លួនលោកស្រី ស៊ូជី និងមនុស្សជាច្រើននាក់ទៀត ត្រូវបានយោធា អះអាងថាជាការឆ្លើយតបទៅនឹងការបោះឆ្នោតដែលត្រូវបានលួចបន្លំ។

តាមរយៈទណ្ឌកម្មខាងលើ រដ្ឋបាលលោក បៃដិន បានបង្កកទ្រព្យសម្បត្តិរបស់មីយ៉ាន់ម៉ា ប្រមាណ ១ពាន់លានដុល្លារ ដែលតម្កល់ទុកក្នុងធនាគារអាមេរិក ជាមួយការ ព្រមានដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជារបបសឹកមីយ៉ាន់ម៉ា មិនព្រមប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលលោកស្រី ស៊ូជី វិញទេនោះ។ ក៏ប៉ុន្តែមកទល់នឹងថ្ងៃចន្ទនេះ ប្រជាជនមីយ៉ាន់ម៉ា នៅតែបន្តធ្វើបាតុកម្មតវ៉ា រីឯយោធាក៏មិនបានបង្ហាញសញ្ញាដកថយណាមួយដែរ ហើយរឹតតែបង្កើនការដាក់សម្ពាធលើក្រុមបាតុកករកាន់តែខ្លាំងឡើង ដោយការកាត់ផ្ដាច់អ៉ិនធើណិត, រឹតត្បិតបណ្ដាញទំនាក់ទំនងសង្គម, ដាក់ពង្រាយរថពាសដែក និងរថក្រោះ នៅតាមទីក្រុងជាច្រើនបង្កមានការព្រួយបារម្ភថាការបង្ក្រាបយ៉ាងបង្ហូរឈាមអាចនឹងផ្ទុះឡើង។

បើតាមសមាគមជំនួយសម្រាប់អ្នកនយោបាយរបស់មីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ៤០០នាក់ហើយ ត្រូវបានយោធាចាប់ឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើងកាលពី ថ្ងៃទី០១ ខែកុម្ភៈមក។ ក្រុមបាតុករបានសាទរចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក តែអ្នកជំនាញភូមិសាស្ត្រនយោបាយមួយចំនួនបារម្ភថាការដាក់ទណ្ឌកម្មអាចនឹងរុញឱ្យមីយ៉ាន់ម៉ាកាន់តែងាកទៅរកចិនតែប៉ុណ្ណោះ។

*តើទណ្ឌកម្ម នឹងឱ្យយោធាមីយ៉ាន់ម៉ា បកក្រោយវិញដែរទេ?

លោក Richard Horsey ជាអ្នកជំនាញម្នាក់មកពីអង្គការ International Crisis Group យល់ថា ការដាក់ទណ្ឌកម្មគឺជានិមិត្តរូបមួយដ៏សំខាន់។ ចង់ ឬមិនចង់ទណ្ឌកម្ម នឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ប៉ុន្តែវាទំនងជានឹងមិនអាចកែប្រែចិត្តមេដឹកនាំយោធាមីយ៉ាន់ម៉ាភ្លាមៗនោះឡើយ។ យោធាមីយ៉ាន់ម៉ា មានបទពិសោធន៍ខាងជាប់ទណ្ឌកម្មជាច្រើនលើក ក្នុងនោះរួមមានទាំងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងពីសំណាក់អន្តរជាតិជុំវិញអំពើហិង្សាប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។

តាមការពិតទៅសេដ្ឋកិច្ចមីយ៉ាន់ម៉ា បានរងផលប៉ះពាល់រួចបាត់ទៅហើយ ដោយសារតែឆ្លងរាតត្បាត COVID-19 រីឯក្រុមហ៊ុននៃប្រទេសលោកខាងលិចខ្លះ ក៏បានដកការវិនិយោគចេញពីមីយ៉ាន់ម៉ាផងដែរ ដោយសារតែអំពើហិង្សាលើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ប្រព្រឹត្តដោយយោធាកាលពីឆ្នាំ២០១៧។ លោក Derek Mitchell ជាអតីតអគ្គរដ្ឋទូតអាមេរិកដំបូងគេ ប្រចាំមីយ៉ាន់ម៉ា ក្រោយការបិទបញ្ចប់របបយោធា កាលពីឆ្នាំ២០១៥ បាននិយាយថា ទណ្ឌកម្មប្រឆាំងមីយ៉ាន់ម៉ា នឹងមានព្រំដែន កំណត់។ ពោលគឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជា ជប៉ុន ឥណ្ឌា ព្រមទាំងកូរ៉េខាងត្បូងជាដើម សុទ្ធតែមានផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងៗខ្លួននៅ មីយ៉ាន់ម៉ា នោះគឺការទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។ ការដាក់ទណ្ឌកម្មខ្លាំងហួសហេតុពេក អាចនឹងធ្វើឱ្យមីយ៉ាន់ម៉ា កាន់តែងាកទៅរក ហើយពឹងផ្អែកលើចិន រឹតតែខ្លាំងឡើង ដែលនេះអាចនឹងធ្វើឱ្យពួកគេលែងមានឥទ្ធិពល ឬបាត់បង់ប្រយោជន៍ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ម្យ៉ាងវិញទៀត ទណ្ឌកម្មនាពេលកន្លងមកក៏បានបង្ហាញហើយដែរថា វាមិនបានធ្វើឱ្យយោធាអស់ឥទ្ធិពល ឬក៏បាត់បង់អំណាចឡើយ ខណៈបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលជាតួអង្គមួយដ៏សំខាន់ក៏មិនប្រាកដថានឹងចូលរួមជាមួយសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ានោះដែរ ក្រោមគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិក។ តែទោះជាយ៉ាងនេះក្ដី លោក Richard Horsey នៅតែជឿជាក់ដដែលថាការមិនទទួលស្គាល់រដ្ឋប្រហារ ឬរបបសឹក វាគឺជាការដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា យ៉ាងពិតប្រាកដ។

*យកគំរូតាមប្រទេសថៃ?

អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) ត្រូវបានគេរាយការណ៍ថា បានផ្ញើលិខិតមួយច្បាប់ឱ្យនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ដើម្បីស្នើសុំជំនួយពីប្រទេសថៃ ពាក់ព័ន្ធនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ យោធាមីយ៉ាន់ម៉ា បានប្រកាសថា រដ្ឋាភិបាលយោធាក្នុងពេលបច្ចុប្បន្ន គឺខុសពីរបបយោធាមុនៗ ហើយសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យឲ្យបានឆាប់រហ័ស ក៏ដូចជាប្រគល់អំណាចទៅឱ្យគណបក្សដែលឈ្នះឆ្នោត ដោយសេរី និងយុត្តិធម៌។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ាមួយចំនួន យល់ថា លោក មីន អោង ហ្លេង ទំនងជាអាចនឹងលាឈប់ពីយោធា ដើម្បីធ្វើជាប្រធានាធិបតីដឹកនាំ រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ លោក ប្រាយុទ្ធ ដែលធ្លាប់ជាមេដឹកនាំយោធា បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ចេញពីតំណែងកាលពីឆ្នាំ២០១៤។ ដំបូង អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ថ្កោលទោស និងដាក់ទណ្ឌកម្មលើរបបយោធាថៃ។ ក៏ប៉ុន្តែ វាមិនបានកែប្រែចិត្តលោក ប្រាយុទ្ធ ឬក៏យោធាថៃឡើយ ដោយពួកគេបានចាប់ផ្ដើមតាក់តែរដ្ឋធម្មនុញ្ញថ្មី, កែប្រែប្រព័ន្ធបោះឆ្នោត, តែងតាំងសមាជិកគណៈកម្មាការរៀបចំការបោះឆ្នោត ព្រមទាំងសមាជិកតុលាការធម្មនុញ្ញ ដែលស្ថាប័នទាំង២នេះមានតួនាទីយ៉ាងសំខាន់លើកិច្ចការបោះឆ្នោត។

យោធាមីយ៉ាន់ម៉ា ក៏ទំនងជាប្រហែលនឹងដើរតាមផ្លូវមួយនេះដែរ ដើម្បីឱ្យលោក មីន អោង ហ្លេង ក្លាយជាប្រធានាធិបតីដឹកនាំរដ្ឋាភិបាលស៊ីវិល។ យោធាមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានចុះឆែកឆេរទីស្នាក់ការកណ្ដាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី អោង សាន ស៊ូជី និងការិយាល័យ គណៈកម្មាការរៀបចំការបោះឆ្នោត ប្រហែលជាដើម្បីប្រមូលឯកសារ ដែលអាចជួយឱ្យពួកគេបង្កើតជាភស្ដុតាងចោទថាការបោះឆ្នោតត្រូវបានលួចបន្លំ ហើយរារាំងមិន ឱ្យថ្នាក់ដឹកនាំគណបក្ស NLD រួមទាំងលោកស្រី ស៊ូជី ចូលរួមក្នុងការបោះឆ្នោតនៅពេលអនាគត។

ក៏ប៉ុន្តែ ស្ថានការណ៍រដ្ឋប្រហារនៅប្រទេសថៃ កាលពីឆ្នាំ២០១៤ គឺផ្ទុយពីស្ថានការណ៍នៅមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន។ នៅកាលណោះថៃកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុង ហើយប្រជាជនមួយចំនួនធំ ក៏មិនពេញចិត្តនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលថាក់ស៊ីននោះដែរ ទើបជាហេតុធ្វើឱ្យយោធាមានលេសធ្វើអន្តរាគមន៍។ ចំណែកឯ នៅមីយ៉ាន់ម៉ាវិញ ប្រជាជនភាគច្រើនលើសលប់នៅតែបន្តគាំទ្ររដ្ឋាភិបាលលោកស្រី ស៊ូជី៕

ប្រភព៖ Foreign Policy, BBC