(ហ្សឺណែវ)៖ អ្នកការទូតនីហ្សេរីយ៉ា លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៉ីវាឡា (Ngozi Okonjo-Iweala) ទំនងជាត្រូវបានកំណត់នៅថ្ងៃចន្ទនេះថា នឹងក្លាយជាស្ត្រីអាហ្វ្រិកដំបូងគេបង្អស់ ដែលត្រូវមកដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានកោះប្រជុំក្រុមប្រឹក្សាពិសេសមួយ ដែលអតីតរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ា និងអតីតអ្នកជំនាញជើងចាស់ នៃធនាគារពិភពលោក (World Bank) គឺលោកស្រី លោកស្រី ង៉ូហ្ស៊ី អូកុនចូ អ៉ីវាឡា ត្រូវបានគេរំពឹងថា នឹងត្រូវជ្រើសរើសជាអគ្គនាយកថ្មី នៃស្ថាប័នពាណិជ្ជកម្មពិភពលោកនេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានគាំទ្រយ៉ាងខ្លាំងចំពោះបេក្ខភាពរបស់លោកស្រី ង៉ូហ្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី យ៉ូ ម្យុងហ៊ី (Yoo Myung-hee) បានដកខ្លួនចេញពីការប្រកួតប្រជែង។ ក្រោយទទួលបានការគាំទ្រពីរដ្ឋបាលរបស់លោក Biden លោកស្រី Okonjo-Iweala បានថ្លែងកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅនេះថា «ខ្ញុំទន្ទឹងរង់ចាំការបញ្ចប់ដំណើរការនេះ»

សម្រាប់អង្គការ WTO វិញក៏មានសេចក្តីត្រេកអរផងដែរ ក្នុងការបញ្ចប់ដំណើរការជ្រើសរើសនេះ ព្រោះខ្លួនគ្មានអ្នកដឹកនាំ ចាប់តាំងពីអ្នកការទូតប្រេស៊ីល លោក រ៉ីប៊ឺតូ អាហ្សេវែដូ (Roberto Azevedo) បានលាឈប់កាលពីខែសីហា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺលោកបានលាឈប់មុនកាលកំណត់មួយឆ្នាំ។

គួរបញ្ជាក់ថា ដំណើរការនៃការជ្រើសរើសបេក្ខជនម្នាក់ ក្នុងចំណោមប្រាំបីនាក់ ដើម្បីទទួលបានជោគជ័យត្រូវបានគេរំពឹងថា បញ្ចប់តែងតាំងកាលពីខែវិច្ឆិកាកន្លងទៅនេះម្ល៉េះ ប៉ុន្តែរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរារាំងការឯកភាពគ្នាក្នុងការតែងតាំងលោកស្រី Okonjo-Iweala ទើបធ្វើឲ្យមានការពន្យារពេល រហូតមកទល់ពេលនេះ៕