(តូក្យូ)៖ ក្រុមហ៊ុនផលិតថាមពលអគ្គិសនីរបស់ជប៉ុនប្រចាំតំបន់ Tohoku បានបញ្ជាក់ថា ខ្លួននៅតែមានសមត្ថភាពផលិតអគ្គិសនីគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ បើទោះបីជាគ្រោះរញ្ជួយដីខ្លាំងមួយ កាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យរលត់ស្ថានីយធំៗមួយចំនួនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ គ្រោះរញ្ជួយដីមួយកម្រិត៧.៣រ៉ិចទ័រ បានបង្កឲ្យមនុស្សយ៉ាងហោចច្រើនជាង ១៥០នាក់រងរបួស និងបង្កការខូចខាតផ្សេងៗ នៅពាសពេញតំបន់ភាគខាងជើងនៃប្រទេសជប៉ុន រួមមានទាំងខេត្ត Fukushima ផងដែរ។ ក្រោយរងការប៉ះពាល់ពីរញ្ជួយដី អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Tohoku Electric Power បានចេញមុខបញ្ជាក់ថា មកទល់នឹងថ្ងៃចន្ទនេះ ក្រុមហ៊ុនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ចរន្តអគ្គិសនីនៅក្នុងតំបន់របស់ខ្លួន។

គួរបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្នុងដែនសមុទ្រក្បែរខេត្ត Fukushima ជាមួយជម្រៅខ្ទង់៦០គីឡូម៉ែត្រ ទៅក្រោមបាតសមុទ្រ ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិញនោះឡើយ។ ចំណុចរំញ័ររបស់វា គឺនៅកន្លែងតែមួយ ដែលគ្រោះរញ្ជួយដីដ៏សាហាវគឺកម្រិតដល់ទៅ៩.០រ៉ិចទ័រ បានបង្កជារលកយក្សស៊ូណាមិវាយប្រហារលើប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១៕