(ណៃពិដោ)៖ មេធាវីលោកស្រី អោង សាន ស៊ូ ជី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីណៃពិដោថា លោកស្រីនឹងត្រូវបន្តស្ថិតក្រោមការឃុំឃាំង រហូតដល់ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃចន្ទនេះ ដូចការរំពឹងទុកកាលពីដំបូងនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ឃីន ម៉ង ហ្សរ (Khin Maung Zaw) ដែលជាមេធាវីរបស់លោកស្រី អោង សាន ស៊ូ ជី បាននិយាយថា ក្រោយការពិភាក្សាជាមួយចៅក្រម លោកស្រី ស៊ូ ជី ហាក់ដូចជាត្រូវនៅបន្តជាប់ឃុំរហូតដល់ ថ្ងៃទី១៧ ខែកុម្ភៈ គឺមិនមែនត្រឹមថ្ងៃចន្ទនេះឡើយ។ មេធាវីរូបនេះបានបន្ថែមទៀតថា លោកនៅតែកំពុងព្យាយាមស្វែងរកវីធីតាមផ្លូវច្បាប់ ដើម្បីជួបជាមួយលោកស្រី ស៊ូ ជី។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួនលោកស្រី ស៊ូ ជី និងលោកប្រធានាធិបតី យូ វីន ម្យីនត៍ (U Win Myint) ហើយប្រកាសដាក់ប្រទេសទៅក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០១ ខែកុម្ភៈ ក្រោមហេតុផលថា មានការលួចបន្លំយ៉ាងធ្ងន់ធ្ងរ កំឡុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយមកទៀត មេដឹកនាំទាំងពីររូបខាងលើត្រូវបានតុលាការមីយ៉ាន់ម៉ា ចោទប្រកាន់ជាផ្លូវការពីបទប្រព្រឹត្តល្មើសច្បាប់មួយចំនួន ហើយត្រូវបានស្នើឲ្យឃុំខ្លួនដល់ថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្តែឥឡូវនេះ ពេលវេលាហាក់ត្រូវបានអូសបន្លាយ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។

គួរបញ្ជាក់ថា ការសម្រេចចិត្តអូសបន្លាយ ពេលវេលាឃុំខ្លួនលោកស្រី ស៊ូ ជី ខាងលើនេះបានកើតមានឡើងកំឡុងបាតុកម្ម បាននិងកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងនៅតាមបណ្តាទីក្រុងមួយចំនួនទៀតជុំវិញពិភពលោក ដើម្បីទាមទារឲ្យមានការដោះលែងលោកស្រី ស៊ូ ជី និងអ្នកជាប់ឃុំដទៃទៀត។ នៅថ្ងៃចន្ទនេះ រថពាសដែកត្រូវបានដាក់ពង្រាយ នៅតាមទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ស្របពេលដែលក្រុមអ្នកតវ៉ា បានបន្តធ្វើបាតុកម្ម និងប្រឈមមុខគ្នាជាមួយកងកម្លាំងប៉ូលិស៕