(ឡុងដ៍)៖ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយនៅថ្ងៃអាទិត្យ ទី ១៤ ខែកុម្ភៈនេះថា អង់គ្លេសសូមចូលរួមក្តីបារម្ភជាមួយសហរដ្ឋអាមេរិក ជុំវិញមធ្យោបាយ និងតម្លាភាពនៃលទ្ធផលស៊ើបអង្កេត របស់ក្រុមអ្នកស៊ើបអង្កេតស្វែងរកប្រភពដើម COVID-19 របស់អង្គការសហប្រជាជាតិ នៅប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក ពិតជាព្រួយបារម្ភជាខ្លាំង ពីមធ្យោបាយស៊ើបអង្កេតរកប្រភពដើម COVID-19 និងការប្រមូលព័ត៌មាន ហើយដើម្បីយល់កាន់តែច្បាស់ពីជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងត្រៀមខ្លួនសម្រាប់ជំងឺឆ្លង ដទៃទៀត ចិន គួរតែបញ្ចេញទិន្នន័យទាំងឡាយរបស់ខ្លួន ចាប់តាំងពីការឆ្លងរាតត្បាតដំបូង។

នៅពេលត្រូវបានសួរអំពីប្រតិកម្មរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកខាងលើ លោក Raab បានប្រាប់ ទូរទស្សន៍ BBC ថា«យើងសូមចូលរួមក្តីបារម្ភនេះ...ដូច្នេះយើងជំរុញឲ្យមានការស៊ើបអង្កេតមួយ ដែលពេញលេញដើម្បីទទួលបាននូវទិន្នន័យទាំងអស់ ដែលមនុស្សភាគច្រើនចង់ដឹងអំពីការផ្ទុះរីករាលដាលជំងឺឆ្លងនេះ»។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា របាយការណ៍សង្ខេប និងរបាយការណ៍ពេញលេញ អំពីដំណើរទស្សនកិច្ចស្វែងរក ប្រភពនៃវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវបញ្ចេញនៅក្នុងពេលឆាប់ៗ។ នៅក្នុងការសន្និដ្ឋានបឋមរបស់ពួកគេ COVID-19 គឺមានប្រភពមកពីសត្វ ឆ្លងទៅមនុស្ស ពោលគឺទំនងជាមិនមែនលេចធ្លាយ ចេញពីមន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហាន ដូចដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងនោះទេ៕