(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃអាទិត្យនេះ បានប្រកាសបិទទីក្រុង Auckland រយៈពេល៣ថ្ងៃ បន្ទាប់ពីរកឃើញករណីឆ្លង COVID-19 នៅក្នុងស្រុក ៣ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Jacinda Ardern ក៏បានឱ្យដឹងដែរថា ការបិទទីក្រុង Auckland ធ្វើឡើងជាមួយការអនុវត្តវិធានការរឹតបន្តឹងកម្រិតទី៣ ដែលតម្រូវ ឱ្យប្រជាជនទាំងអស់ ស្នាក់នៅក្នុងផ្ទះ និងអាចចេញក្រៅបាន លុះត្រាតែដើម្បីរកសេវាចាំបាច់ដូចជា ទៅមន្ទីរពេទ្យ, បំពេញការងារចាំបាច់ខានមិនបាន ឬទៅផ្សារទិញម្ហូបអាហារ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររកឃើញអ្នកឆ្លង COVID-19 ចំនួន៣នាក់ ជាប្ដីប្រពន្ធ និងកូនស្រីម្នាក់
របស់ពួកគេ នៅក្នុងទីក្រុង Auckland នៅថ្ងៃអាទិត្យនេះ ហើយវាករណីឆ្លងនៅក្នុងស្រុកលើកដំបូងបំផុត ចាប់តាំងពីខែមករាមក។ បើតាមគេហទំព័រ worldometers នូវែលសេឡង់ បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ២,៣៣០នាក់ ក្នុងនោះស្លាប់ ២៥នាក់ និងជាសះស្បើយឡើងវិញ ២,២៥៨នាក់៕