(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បាននិយាយថា លោកចង់ឱ្យសហរដ្ឋអាមេរិក បង់ប្រាក់ ដើម្បីរក្សាកិច្ចព្រមព្រៀងយោធា ដែលជួយសម្រួលដល់ ការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំង២។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ឌូតើតេ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយទៅកាន់កងទ័ពហ្វីលីពីន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយចង់សំដៅទៅលើកិច្ចព្រមព្រៀង Visiting Forces Agreement ជាមួយសហរដ្ឋអាមេរិក។ លោក ឌូតើតេ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់, ពួកគេ (សហរដ្ឋអាមេរិក) ត្រូវតែបង់ប្រាក់។ វាគឺជាការចូលរួមទទួល ខុសត្រូវ។ ប៉ុន្តែ ការចូលរួមទទួលខុសត្រូវរបស់អ្នក មិនមែនចូលរួមដោយទទេៗនោះទេ...»។ តែទោះជាយ៉ាងនេះក្ដី លោក ឌូតើតេ មិនបានបញ្ជាក់ថាតើចង់ឱ្យសហរដ្ឋអាមេរិក បង់ប្រាក់ ឬចំណាយទៅអ្វីឱ្យប្រាកដ នោះទេ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីហ្វីលីពីន និងអាមេរិក ជួបពិភាក្សាគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ សន្តិសុខ ដែលរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana រំពឹងថាសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមឡើងវិញនៅរដូវក្ដៅ ឆ្នាំ២០២១នេះ៕