(កាលីហ្វ័រញ៉ា)៖ ស្ត្រីវ័យចំណាស់ម្នាក់ អាយុ៧៨ឆ្នាំ បានស្លាប់មួយរយៈពេលខ្លី បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅក្នុងយុទ្ធនាការចាក់វ៉់ាក់សាំងមួយ ដែលប្រព្រឹត្តទៅ នៅឯតំបន់ Los Angeles County នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រីសុខាភិបាលនៅក្នុងតំបន់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន NBC News នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅកាលីហ្វ័រញ៉ា) ក្រុមមន្ត្រីសុខាភិបាលអាមេរិក នៃតំបន់ Los Angeles County បានឱ្យដឹងថា ស្ត្រីវ័យចំណាស់ខាងលើ បានទទួលមរណភាព កាលពីថ្ងៃសុក្រកន្លងទៅ ក្រោយទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer នៅរសៀល ថ្ងៃដដែល នៅឯទីតាំងនៃសាកលវិទ្យាល័យ Cal Poly Pomona ស្ថិតនៅចំងាយប្រមាណ ៤៨គីឡូម៉ែត្រ ពីទីក្រុង Los Angeles។

ក្រុមមន្ត្រីសុខាភិបាលបន្ថែមទៀតថា បើតាមក្រុមគ្រួសារសាច់ញាតិ ស្ត្រីវ័យចំណាស់រូបនេះធ្លាប់មានប្រវត្តិមានជំងឺបេះដូង។ ប៉ុន្តែ ពួកគេ នៅមិនទាន់អាចបញ្ជាក់ពី មូលហេតុពិតប្រាកដ នៅពីក្រោយការស្លាប់នេះ នោះទេ ស្របពេលមានការសន្និដ្ឋានបឋមថា វាទំនងជាមិនមានពាក់ព័ន្ធនឹងវ៉ាក់សាំង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ស្ត្រីម្នាក់អាយុ ៥៨ឆ្នាំម្នាក់ មកពីរដ្ឋ Virginia ក៏ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ ក្រោយទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ខណៈមកទល់នឹងពេលនេះ មិនទាន់មានភស្តុតាងជាក់លាក់ណាមួយ បង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយនេះ មានគ្រោះថ្នាក់ ឬបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឡើយ៕